ឯកឧត្តមបណ្ឌិត អ៊ុក កោសា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមិនីជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -៧ មករា ២០២៥) នៅបរិវេណសាលាស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ៩ កើត ខែបុស្ស
ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ កម្មវិធីនេះបានការអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ុក កោសា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្ថិតទីតាំង ដីបម្រុងរដ្ឋបាលស្រុក នៅភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ។ ដែលមានសមាសភាព រួមមាន :
– ព្រះសង្ឃ – ក្រុមប្រឹក្សាស្រុក – គណៈអភិបាលស្រុក – នាយក នាយករងរដ្ឋបាល – មន្ត្រីរដ្ឋបាលស្រុក – ផ្នែកសឹករងស្រុក – ក្រុមប្រឹក្សាឃុំ ទាំង១០ – ស្មៀនឃុំ ទាំង១០ – មេភូមិ អនុប្រធានភូមិ សមាជិកភូមិ – មណ្ឌលសុខភាព – យុវជន ស.ស.យ.ក – យុវជនកាកបាទក្រហម – ប្រជាពលរដ្ឋ – លោកគ្រូ អ្នកគ្រូ – សិស្សានុសិស្ស សរុប១២៣២ អង្គ/រូប ។
ឯកឧត្ដមបណ្ឌិត អ៊ុក កោសា អាននូវសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានពាំនាំនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានកិត្តិយសគណបក្ស ព្រមទាំង សម្តេច អនុប្រធានគណបក្ស ដែលជានិច្ចកាល សម្តេចជាថ្នាក់ដឹកនាំកំពូល របស់គណបក្ស តែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសជាតិឲ្យរួចផុតពីនឹមអាណានិគមនិយម និងជាពិសេស ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈការបង្កើតឡើងនូវ រណសិស្ស ២ ធ្នូ ឆ្នាំ ១៩៧៨ ដោយទទួលបាននូវជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានសង្កត់ធ្ងន់ថា ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ គឺជាជីវិតទី ២ របស់យើងទាំងអស់គ្នា បើគ្មាន ជ័យជម្នះនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទេ យើងក៏គ្មានអ្វីៗទាំងអស់នាថ្ងៃនេះដែរ។
ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានជម្រាបជូនអង្គមីទ្ទិញ ពីគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវ សុខសន្តិភាព ពេញលេញជូនមាតុភូមិកម្ពុជា។ ឯកឧត្តមបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ស្រឡាញ់សន្តិភាព និង អរគុណសន្តិភាព ដែលបានបង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ព្រមទាំងបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាយើង ស្មើមុខស្មើមាត់ជាមួយប្រទេសនានាលើសកលលោក។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងផងដែរ អំពីស្នាដៃដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏ធំធេងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋនមន្រ្តីបន្តវេនក្នុងអាណត្តិទី៧នៃនិតកាលរដ្ឋសភាបានធ្វើឲ្យទាំងវិស័យកសាងជាតិ និងការពារជាតិ និងកំណើនសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ក៏បានអំពាវនាវផងដែរឲ្យសមាជិកសមាជិកានៃអង្គពិធីទាំងមូល បង្កើនស្មារតីឯកភាពជាតិ និងសាមគ្គីជាតិ ដើម្បី ការពារសន្តិភាព ការពាររាល់សមិទ្ធផលដែលយើងបានសម្រេចមកដល់ពេលនេះ និងបន្តអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាឡើង សក្តិសមនឹងការប្រសិទ្ធនាមថា “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ” ដែលប្រជាជនលើពិភពលោកចង់ស្គាល់ ចង់មកទស្សនា និងផ្តិតយករូបភាពទាំងឡាយ ដែលជានិមិត្តរូបនៃអរិយធម៌ដ៏រុងរឿងរបស់ប្រជាជាតិយើង។
ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានអំពាវនាវដល់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវនាំគ្នាលើកកម្ពស់ មនស្សិកាភ្ញាក់រឭកទ្រទ្រង់ សន្តិភាព គាំទ្រ ស្ថាបនិកនៃសន្តិភាព ។
ជាទីបញ្ចប់ប្រធានគណអធិបតីនិងប្រតិភូរួមថំណើរ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធី បានប្រលែងសត្វព្រាបដែលតំណាងឲ្យសន្តិភាព ដែលមនុស្សជាតិលើសកលលោកយើងនេះ តែងយកមកតំណាងនៃសុខសន្តិភាព ដោយចង់ឲ្យប្រទេសជាតិនិងប្រជាជនមាន ភាពសុខសាន្ត និងបានបង្ហោះ ប៉ោង ប៉ោង ជានិមិ្មតរូបនាឱកាសនោះផងដែរ ៕