ខេត្តកណ្តាល ៖ បុរសជាជាងកញ្ចក់ម្នាក់បានសុំច្បាប់ថៅកែទៅលេងផ្ទះគូដណ្តឹងនៅឯខេត្តសៀមរាប លុះត្រៀមខ្លួនរួចរាល់ហើយ យប់ឡើងក៏ទូរស័ព្ទទៅប្រាប់នារីជាគូដណ្តឹងឱ្យចាំទទួលខ្លួនផង ព្រោះព្រឹកស្អែកនឹងចេញដំណើរទៅហើយ ស្រាប់តែអកុសល ព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញដេកស្លាប់រឹងស្តូក។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនរងគ្រោះខាងលើ មានឈ្មោះកុយ រ៉ាវុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកញ្ចក់ ធ្វើការនិងស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
តាមសម្តីយុវជនឈ្មោះស្រេង វិសាល អាយុ១៥ឆ្នាំ ត្រូវជាក្មួយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូចេញទៅក្រៅទិញក្រដាសឡាំងដើម្បីដាក់ខោអាវ បំណងធ្វើដំណើរទៅលេងផ្ទះគូដណ្តឹងរបស់ខ្លួននៅឯខេត្តសៀមរាប។
លុះត្រឡប់មកវិញ បន្ទាប់ពីរៀបចំខោអាវរួចរាល់ នៅវេលាម៉ោង១០យប់ថ្ងៃដដែល ជនរងគ្រោះក៏បានទូរស័ព្ទទៅជជែកលេងជាមួយនឹងគូដណ្តឹងរហូតដល់យប់ជ្រៅ ដោយប្រាប់នារីជាគូដណ្តឹងឱ្យចាំទទួលខ្លួនផង ព្រោះព្រឹកស្អែកខ្លួន នឹងធ្វើដំណើរចេញទៅសៀមរាបហើយ។
ប្រភពដដែលបន្តថា ក្រោយពីនិយាយទូរស័ព្ទជាមួយគូដណ្តឹងចប់ ជនរងគ្រោះក៏បានចូលដេកដូចធម្មតា រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ពូរបស់ជនរងគ្រោះឈ្មោះអ៊ន សុខលី ភេទប្រុស អាយុ៤៦ឆ្នាំ បានបើកទ្វារឃើញជនរងគ្រោះដេកមិនក្រោក ក៏ចូលទៅដាស់ជនរងគ្រោះ លុះស្ទាបមើលឃើញមានសភាពត្រជាក់និងរឹងស្តូក ធ្វើឱ្យកើតមានការផ្អើលឆោឡោប្រញាប់ហៅពេទ្យនៅមន្ទីរពេទ្យជ័យជម្នះ មកដើម្បីជួយសង្គ្រោះដែរ ប៉ុន្តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមការឱ្យដឹងពីពូរបស់ជនរងគ្រោះ បានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានកើតមានអាការចុកដៃចុកជើង និងឈឺទ្រូង តែបានទៅពិនិត្យមើលឈាមរួចរាល់ទៅហើយ គ្រាន់តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញសហការជាមួយផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ បានចុះធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ក្បាលដងខ្លួន និងអវៈយវៈសាកសពមានសភាពរឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យបច្ចេកទេសធ្វើកោសល្យវិច័យ ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕