ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីផ្សព្វផ្សាយការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមខ្លឹមសារសង្ខេបអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក (អនុក្រឹត្យលេខ៣៩) ។
ដោយមានការចូលរួម ពីសំណាក់លោកមេបញ្ជាការរង,លោកនាយរងសេនាធិការ,ប្រធានមន្ទីរស្តីទីទាំង៥,នាយលេខាធិការដ្ឋាន នាយការិយាល័យជំនាញ,មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុក ទាំង៨,ប្រធានស្នាក់ការសន្តិសុខ,មេបញ្ជាការកងអនុសេនាធំចល័ត ។
ក្នុងពិធីផ្សព្វផ្សាយ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានធ្វើការបញ្ចាំងស្លាយដោយផ្តោតលើការងារចរាចរណ៍ និងច្បាប់ស្តីពីការពិន័យអន្តរការណ៍ ព្រមជាមួយផ្សព្វផ្សាយអនុក្រឹត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះការពិន័យអន្រការណ៍ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងបន្ថែមថា ក្នុងនាមជាកងកម្លាំងត្រូវនាំគ្នាគោរពឲ្យបាននៅច្បាប់ចរាចរណ៍ផ្លូវគោក ហើយចូលរួមសហការទប់ស្កាត់បទល្មើសចរាចរណ៍ជាមួយជំនាញមន្ត្រីនគរបាលចរាចរណ៍នៅពេលមានការស្នើសុំ ។
លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា ហាមដាច់ខាតចំពោះនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ កុំយកបុណ្យស័ក្កិ អំណាចរបស់ខ្លួនទៅប្រព្រឹត្តក្នុងរឿងមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍ បម្រើផលប្រយោជន៍សង្គមជាតិ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ ៕