ខេត្តរតនគីរី ៖ ឈ្មោះហ្វុង-ជាងតន-មករា-យ៉ាត-ធី-តាសាន-អូនធំ កំពុងតែល្បីល្បាញ ពេញបន្ទុកលើទឹកដីខេត្ដរតនគីរីហើយមានឥទ្ធិពលខ្លាំងជាងព្រះឥន្ទទៅទៀត ទើបបានជាលោកអភិបាលខេត្ត លោកស្នងការនិងមេប៉េអឹម ខេត្ដរតនគីរីមិនហ៊ានក្បែរទុកអោយជាងតន បើកលេងយ៉ាងរំភើយគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបទាល់តែសោះ ? ព្រោះអស់លោកសមត្ថកិច្ចនៅក្នុងខេត្តចាត់ទុកជាឆ្នាំងបាយសំរាប់ពួកគាត់ទើបបានជារក្សាភាពស្ងៀមស្ងាត់ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានអោយដឹងនៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០២០នេះថាទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោងសង្វៀនជល់មាន់ស្ថិតនៅក្នុងក្នុងចំការកៅស៊ូពៅសៀក ស្ថិតនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុងនិងស្ថិតនៅក្នុងព្រៃចំការ១នៅសង្កាត់ឡាបាសៀក ក្រុងបានលុងខេត្តរតនគីរី(ដែលថៅកែមានឈ្មោះម្ចាស់ហ៊ុនចូលគ្នាឈ្មោះហ្វុង-ជាងតន-មករា-យ៉ាត-ធី-តាសាន-អូនធំ ហើយមានឈ្មោះជាងតនជាអ្នកមេការមើលការខុសត្រូវក្នុងបនល្បែងនេះ។
ទីតាំងល្បែងស៊ីសងបៀរ អាប៉ោងរបស់លោកសិទ្ធដ៏ធំមួយកន្លែងនេះបានធ្វើការបើកលេងជាងមួយខែមកហើយ ដោយរត់ការអោយសមត្ថកិច្ចនិងអាជ្ញាធរអស់ហើយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ ជារៀងរាល់ថ្ងៃមានអ្នកលេងល្បែងជិះឡានទំនើបៗមកលេងមិនថាពេលយប់ឬថ្ងៃនោះទេពោលគឺស្វាគមន៍ ២៤ម៉ោងលើ២៤ម៉ោងតែម្តង ។
រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានណាក៏ដោយ មិនហ៊ានបង្ក្រាបឡើយ។ ហើយល្បែងស៊ីសងបៀរនឹងអាប៉ោងសង្វៀនជល់មាន់ នេះបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយនាក់ទាំងនោះលេងយ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិ-ឃុំឡើយ។ប្រជាពលរដ្ជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តរតនគីរីនិលោកស្នងការខេត្តសូមមេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោឱវាទឲ្យធ្វើការចុះបង្ក្រាបទីតាំងនេះផងទាន៎ដើម្បីចៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិ-ឃុំ ។
ពលរដ្ឋសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ហើយទើបមិនហ៊ានបង្ក្រាបល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតនដ៏ធំមួយកន្លែងនេះឬខ្លាចបែកឆ្នាំងបាយទើបមិនហ៊ានបង្ក្រាបបែបនេះ ? កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀតអំពីគោល នយោបាយភូមិ–ឃុំមានសុវត្ថិភាពទាំង៩ចំណុចតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះពាក្យថាភូមិឃុំទាំង៩ចំណុច។
តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះអ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្ភពីភាពអសន្តិសុខនិងភាពអសមត្ថភាពនៅក្នុងភូមិ-ឃុំត្រង់ដែលស្ថិតនៅនិងក្រុងខេត្ដរតនគីរីដែលល្បែងស៊ីសងបៀរនិងអាប៉ោងជល់មាន់របស់ជាងតនបាននឹងកំពុងបើកលេងរាល់ថ្ងៃ។ ជុំវិញករណីខាងលើនេះដែរលោកអធិការក្រុងបានលុងមិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទមិនអាចទាក់ទំនងបាន។ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតននេះដែរឬទេ? ។
ពាក់ពន្ធ័និងការបើកសង្វៀនជល់មាន់ បៀរអាប៉ោងរបស់ឈ្មោះតននេះអង្គភាពយើងមិនអាចសុំការបំភ្លឺបានឡើយពីលោកស្នងការ យិន ចំណាន៕