ភ្នំពេញ៖ ក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិការបស់កម្ពុជានៅឆ្នាំនេះ សហរដ្ឋអាមេរិកបានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាតែបានសង្កត់ធ្ងន់ថា“សង្ឃឹមថាទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិកិច្ចសន្ទនាដោយសន្តិវិធីការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងប្រជាធិបតេយ្យ។
នេះបើយោងតាមសេចក្តីថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកMichael Pompeo ស្តីពីទិវាបុណ្យឯករាជ្យជាតិខ្មែរដែលត្រូវបានហ្វេសប៊ុកផេកផ្លូវរបស់អាមេរិកប្រចាំកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី៩ខែវិច្ឆិកានេះ។
តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកMichael Pompeo សូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជានៅក្នុងឱកាសខួបលើកទី៦៦នៃឯករាជ្យរបស់អ្នកនៅថ្ងៃទី៩ខែវិច្ឆិកា។
លោកបន្តថាដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជានិងប្រជាជនអាមេរិកយើងសង្ឃឹមថាទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិកិច្ចសន្ទនាដោយសន្តិវិធីការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិក“យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានៅក្នុងការកសាងប្រទេសកម្ពុជាមួយដែលមានឯករាជ្យលទ្ធិប្រជាធិបតេយ្យនិងវិបុលភាពដែលកាន់តែប្រសើរឡើង”។
សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជាហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជានាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ៕