ភ្នំពេញ៖លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់CPC NEWS នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះថាលោកកឹមសុខាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក អ៊ី រិន្ទ អះអាងថាលោកកឹម សុខាគឺអាចចាកចេញពីភូមិគ្រឹះដែលលោកកំពុងស្នាក់នៅនាពេលបច្ចុប្បន្ននេះបាន ។
ដោយឡែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងប្រាប់CPC NEWS ថាដោយសារលោក កឹមសុខា មានការសហការល្អជាមួយតុលាការទើបតុលាការសម្រេចអោយលោក កឹម សុខាអាចចាកចេញពីបរិវេណដែលលោកកំពុងស្នាក់នៅបច្ចុប្បន្នបានគ្រាន់តែមិនអាចចាកចេញពីប្រទេសកម្ពុជា។
លោកជិន ម៉ាលីន បន្តថានេះមិនមានន័យថាតុលាការដោះលែងលោកកឹមសុខាទេពោលគឺលោក កឹម សុខានៅតែជាប់កាតព្វកិច្ចតាមផ្លូវតុលាការដដែលរង់ចាំតុលាការបន្តតាមនីតិវិធី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ខែវិច្ឆិកានេះបង្ហាញថាកាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះកឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ធការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ចុះថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧។
ដោយពិនិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទជាពិសេសត្រង់ចំណុចពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យនិងព្យាបាលនិងម្យ៉ាងទៀតដោយសារនាពេលកន្លងមកក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជនត្រូវចោទបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ, ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៤៩៩៦“គ” ដ.ព.សចុះថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨។
យោងតាមដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤“គ”ដ.ព.សចុះថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩, ជនត្រូវចោទឈ្មោះគឹម សុខាត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក–មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ– មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ–ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕