ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ក្រុងព្រះសីហនុប្រវែងប្រមាណ១៩០,០៣៥គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិកចាប់ផ្តេីមចេញជារូបរាងបណ្តេីរៗហេីយ។
នៅថ្ងៃទី៨ខែធ្នូនេះលោកស៊ុនចាន់ថុលទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ក្រុងព្រះសីហនុដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធតំណាងក្រុមហ៊ុនសាងសង់តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសនិងភាគីពាក់ព័ន្ធ។
ក្រសួងសាធារណការចេញផ្សាយថាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ក្រុងព្រះសីហនុដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩រហូតមកដល់ពេលនេះដំណើរការសាងសង់សម្រេចបាន៧,៣០% ហើយគិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៩។ផ្លូវនេះតភ្ជាប់ពីភូមិ១សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដល់ក្រុងព្រះសីហនុ។
ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនMINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិកប្រើរយៈពេលសាងសង់៤៨ខែមានគន្លងផ្លូវចំនួន៤គន្លងទទឹង២៤,៥ម៉ែត្រមានផ្លូវបំបែកទិស៧កន្លែងកន្លែងឈប់សម្រាកចំនួន៣កន្លែងចំណតរថយន្ត១កន្លងមណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លងស្ពានធំនិងស្ពានមធ្យមចំនួន៤០កន្លែងស្ពានតូចចំនួន៥កន្លែងឆ្លងកាត់រាជធានីភ្នំពេញប្រមាណ៨,៣គីឡូម៉ែត្រនិងខេត្តចំនួន០៤ទៀតក្នុងនោះរួមមានខេត្តកណ្តាលប្រវែងប្រមាណ៩,១គីឡូម៉ែត្រខេត្តកំពង់ស្ពឺប្រវែងប្រមាណ៨០,៨គីឡូម៉ែត្រខេត្តកោះកុងប្រវែងប្រមាណ១,៩២គីឡូម៉ែត្រនិងខេត្តព្រះសីហនុប្រវែងប្រមាណ៨៩,៨៩គីឡូម៉ែត្រ៕