ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងជួបសំណេះសំណាលប្រចាំឆ្នាំជាលើទី៤ជាមួយមន្រ្តីក្រសួងព័ត៌មាននិងអ្នកសារ ព័ត៌មានក្នុងស្រុកប្រមាណជាជិត ៥,០០០ នាក់នៅល្ងាចថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ ។ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង អ្នកកាសែតត្រូវបានគេវាយតម្លៃថានេះគឺជាការផ្តល់តម្លៃនិងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសារព័ត៌មាននិងអ្នកសារព័ត៌មាន ។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់ប្រាប់សារព័ត៌ មានឲ្យដឹងថា៖សម្រាប់ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី ៤ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ខាងមុខនឹង មានអ្នកសារព័ត៌ មានចូលរួមប្រមាណជិត ៥,០០០ នាក់។
ប៉ុន្ដែសម្រាប់ជំនួបលើកនេះគឺមានការខុសប្លែកពីជំនួបកាលពីលើកមុនៗបន្ដិចដោយមានការអញ្ជើញរដ្ឋមន្រ្ដីគ្រប់ក្រសួង និង សមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់មកចូលរួមដែរដើម្បីឱ្យបានស្គាល់គ្នារវាងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ជាមួយអ្នកសារព័ត៌មាន ។ លោកបានបញ្ជាក់បន្ថែមថា “ឆ្នាំនេះយើងក៏អញ្ជើញ រដ្ឋមន្ត្រីតាមក្រសួង ស្ថាប័ននិងអ្នកនាំពាក្យតាមក្រសួង ស្ថាប័នផងហើយអ្វីដែល ពិសេសនោះគឺសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក៏ចូលរួមផង ដែរ” ។
លោកអគ្គនាយករូបនេះក៏បានឲ្យដឹងទៀតថា៖គិតមកដល់ថ្ងៃទី១០ខែមករានេះខាងក្រសួងព័ត៌មាននឹងពិនិត្យការបូកសរុបដើម្បីបញ្ចប់ចំពោះវត្តមានក្នុងការទទួ លអ្នកចូលរួមក្នុងកម្មវិធីជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ។ ក្នុងជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាននេះអ្នកដែលចួលរួមមិនមែន តែអ្នក សារព័ត៌មានទាំងអស់នោះទេ ។ ប៉ុន្តែអ្នកទាំងនោះគឺជាអ្នកធ្វើការទាក់ទងនឹងវិស័យព័ត៌មានដូចជាអ្នកនាំពាក្យនៅគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដអ្នក នាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីរាជធានី ខេត្ដ ដែលសរុបទាំងអស់ប្រមាណជិត៥,០០០នាក់។
លោក ផុស សុវណ្ណ ក៏បានបន្ថែមថាជំនួបនេះក៏ផ្តល់ឱកាសឱ្យអ្នកនាំពាក្យនៅតាមបណ្តារាជធានី ខេត្ត បានស្គាល់អ្នកសារព័ត៌មាននៅតាមបណ្តាក្រសួងស្ថាប័ន ធំៗ ដ៏ដូចជាអ្នកសារព័ត៌មាននៅតាមខេត្ត ស្គាល់អ្នកសារព័ត៌មានដែលធ្វើការនៅទូរទស្សន៍ កាសែត វិទ្យុល្បីៗផងដែរ ។ លើសពីនេះទៀតអ្នកសារព័ត៌មាននៅ រាជធានីភ្នំពេញក៏បានស្គាល់អ្នកសារព័ត៌មាននៅតាមបណ្តាខេត្តក្នុងការពង្រឹងទំនាក់ទំនងដើម្បីធ្វើយ៉ាងផ្ទៀងផ្ទាត់ព័ត៌មានគ្នាទៅវិញទៅមក។ ជំនួបនេះវាសំខាន់ ណាស់ចំពោះអ្នកសារព័ត៌មានក្នុងការជួបអ្នកសារព័ត៌មានបណ្តាលខេត្តដើម្បីធ្វើផ្ទៀតផ្ទាត់ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មានហើយយើងធ្វើព័ត៌មានត្រូវមាន ប្រភពព័ត៌មានច្រើនជាការល្អដើម្បីជាព័ត៌មានសុក្រឹត្យ ព័ត៌មានពិតនិងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម ។
មុន២ថ្ងៃនៃជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីប្រទេសកម្ពុជាជាការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ហើយសម្តេចបានអរគុណចំពោះអ្នកាសារព័ត៌មានដែលបានផ្សព្វផ្សាយបែបនេះ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃទី ១២ ខែមករាថា ៖ « អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានល្អពីកម្ពុជាដែលជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ»។
នៅគ្រប់ជំនួបប្រចាំឆ្នាំ ៣លើកកន្លងមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យស្ថាប័នសារព័ត៌មានទាំងអស់នៅកម្ពុជាផ្សព្វផ្សាយព័ត៌មានពិតចៀសវាងទង្វើដែលប្រាសចាកវិជ្ជាជីវៈនិងការអត្ថាធិប្បាយក្នុងនាមជាអ្នកការពារក្តីឬចៅក្រមកាត់ក្តីដែលជះឥទ្ធិពលទៅដល់ស្ថាប័នតុលាការ ។ ចំណែកស្ថាប័នរដ្ឋទាំងអស់ត្រូវចាត់តាំងអ្នកនាំពាក្យឲ្យបានត្រឹមត្រូវនិងធ្វើបច្ចុប្បន្នភាពព័ត៌មានលើប្រព័ន្ធអនឡាញឲ្យបានឆាប់រហ័សដើម្បីផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយទៅដល់អ្នកសារ ព័ត៌មាន។សម្តេចនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិតនិងត្រឹមត្រូវដើម្បីរួមចំណែកជួយសង្គមចៀសវាងការដោះដូរព័ត៌មាននឹង លុយបង្កើតឲ្យមានអំពើពុករលួយក្នុងសង្គម។
នៅក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៦កាលពីថ្ងៃទី០៣ឧសភា ២០២០ សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងដូច្នេះថាដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសក្តានុពលក្នុងការគាំទ្រសន្តិភាពនិងប្រជាធិបតេយ្យគឺទាមទារឲ្យអ្នកសារព័ត៌មានទាំងអស់ខិតខំប្រឹងប្រែងបន្តទៀតនូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួននិងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ។ សម្តេចនាយករដ្ឋមន្ត្រីក៏គូសបញ្ជាក់ដែរថាអ្នកសារព័ត៌មានក៏ត្រូវតែក្លា ហានហ៊ាននិយាយការពិតធ្វើការរិះគន់ក្នុងន័យស្ថាបនានិងហ៊ានទទួលយកការពិតដើម្បីឱ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌ មានពិតហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គមដើម្បីចូលរួមចំណែកកសាងសង្គមមួយឲ្យមានភាពយុត្តិធម៌ សុខសន្តិភាព និងមានការអភិវឌ្ឍ។សម្តេចតេជោនាយករដ្ឋមន្រ្តីបានឆ្លៀតឱកាសនេះដាស់តឿនដល់អ្នកសារព័ត៌ទាំងអស់ឱ្យអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងផ្សាយព័ត៌មានតែមួយជ្រុងឬក៏ផ្សាយព័ត៌ មាន ក្លែងក្លាយជូនដល់សាធារណជន ។
គួររំលឹកថាកាលពីជំនួបលើកទី ៣ ជាមួយអ្នកសារព័ត៌មានសម្តេចតេជោនាយករដ្ឋមន្រ្តីបានសំណូមពរ ៦ ចំណុចទាក់ទងនឹងវិស័យសារព័ត៌មាន៖ ចំណុចទី ១. ស្ថាប័នព័ត៌មានទាំងរដ្ឋនិងឯកជនត្រូវបន្តដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងស្ថានភាពពិតនៃសង្គម។ចំណុចទី ២. អ្នកសារព័ត៌មានបន្តធ្វើជាស្ពានចម្លងពីរដ្ឋទៅប្រជា ជននិងពីប្រជាជនមករដ្ឋវិញទាំងកម្រិតគោលនយោបាយរួមនិងកម្រិតនៃការអនុវត្ត។ ចំណុចទី៣.ចង់ឲ្យសារព័ត៌មានរិះគន់ស្ថាបនាទាំងកម្រិតគោលនយោបាយ ពិសេសការអនុវត្ដរបស់ស្ថាប័ននិងបុគ្គល ។ ចំណុចទី៤.ចង់អោយស្ថាប័នសារព័ត៌មានចូលរួមវិភាគក្នុងកម្រិតយុទ្ធសាស្ដ្រទាំងបញ្ហាជាតិតំបន់និងអន្ដរជាតិ។ ចំ ណុចទី៥. អ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវមិននិយាយបំផ្លើសញុះញង់ ជេរប្រមាថ បង្កជំលោះ។ ចំណុចទី ៦.ខិតខំលុបបំបាត់ក្រុមព័ត៌មានដែលចាប់ជំរិត ទារប្រាក់។ចំណុចទី ៧. សុំអ្នកសារព័ត៌មានទាំងអស់និងស្ថាប័នព័ត៌មានទាំងអស់ចូលរួមចំណែកប្រយុទ្ធជាមួយនឹងព័ត៌មានក្លែងក្លាយ ។ចំណុចទី ៨. ខិតខំលើក កម្ពស់សមត្ថភាពនិងការបណ្តុះបណ្តាលធនធានមនុស្សដើរទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។
បើយោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាននៅកម្ពុជាវិស័យប្រព័ន្ធផ្សព្វផ្សាយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយបច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយសរុបមានចំនួន ៦៥០ អង្គភាពក្នុងនោះកាសែត ផ្សាយជាភាសាខ្មែរ ៤១១ អង្គភាពកាសែតផ្សាយជាភាសាបរទេស ២៥ អង្គភាពទស្សនាវដ្ដី ១៩៤អង្គភាពនិង ព្រឹត្តបត្រព័ត៌មាន ២០អង្គភាព ។ សមាគមអ្នកសារព័ត៌មាន,ក្លិបអ្នកកាសែតកម្ពុជា៤១ អង្គភាព។ចំណែកវិទ្យុមានចំនួន ២២០ ស្ថានីយ,ទូរទស្សន៍១៩ស្ថានីយ, ទូរទស្សន៍ផ្កាយរណប០៣ស្ថានីយ,ទូរទស្សន៍ ឌីជីថល (Pay-TV) ០៨ស្ថានីយ,ទូរទស្សន៍អនឡាញ៤៨អង្គភាព ។ការិយាល័យទីភ្នាក់ងារសារព័ត៌មានបរទេស ,ការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍សរុបមានចំនួន២១អង្គភាពដែលក្នុងនោះក៏មានផងដែរ វិទ្យុអន្តរជាតិចិន(CRI) និងអង្គភាពសារ ព័ត៌មានចិនជាច្រើនផ្សេងទៀតផងដែរ ។ ក្រៅពីនេះមានស្ថាប័នរដ្ឋនិងឯកជនរបស់ចិនជាច្រើនផងដែរដែលបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយ ក្រសួងព័ត៌មានកម្ពុជា ។
គួរបញ្ជាក់ថាការជួបជុំគ្នារវាងសម្តេចតេជោនាយករដ្ឋមន្ដ្រីនិងអ្នកសារព័ត៌មានលើកដំបូងបានធ្វើឡើងកាលពីថ្ងៃទី ១៤ខែមករាឆ្នាំ២០១៧ ហើយជំនួបនេះសម្ដេច តេជោ ហ៊ុន សែន បានប្រកាសថានឹងជួបជាមួយអ្នកសារព័ត៌មានរៀងរាល់មួយឆ្នាំម្ដង ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសកំណត់យកថ្ងៃទី ១៤ ខែមករា ជារៀងរាល់ឆ្នាំដើម្បីបន្តការជួបជុំអ្នកសារព័ត៌មាន៕