កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំរបស់សាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកំពង់ឆ្នាំងថ្មី អញ្ជើញមកពីខេត្តព្រះសីហនុ ដែលពិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានតុលាការខេត្ត ព្រះរាជអាជ្ញាខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក គណៈអភិបាលស្រុក លោក-លោកស្រីមន្ត្រីរាជការសាលាស្រុក លោក-លោកស្រីទាំង៨ក្នុងស្រុក ។
-យោងអនុក្រឹត្យរាជរដ្ឋាភិបាល (លេខ៤៧១ អនក្រ តត )សម្រេចផ្ទេរភារកិច្ចលោក ឈិន សេងងួន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ឈិន សេងងួន អភិបាលរងខេត្តដែលទើបឡើងកាន់តំណែង បានប្តេជ្ញាចិត្ត អនុវត្តន៍ និងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនានា ដើម្បីជម្រុញការអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរីកចំរើន។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត ក៏បានផ្តាំផ្ញើរ និងណែនាំដល់អភិបាលរងខេត្តថ្មី និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ត្រូវខិតខំបំពេញភារកិច្ចតាមជំនាញ ក្នុងវិស័យរបស់ខ្លួនសំដៅធ្វើយ៉ាណាងការបម្រើសេវាសាធារណ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា មានតម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះមន្ត្រីទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃដែលជាកត្តានៃជោគជ័យក្នុងអង្គភាព ស្របពេលនៃការវិវត្តន៍នៃបច្ចេកវិទ្យា មន្ត្រីរាជការទាំងអស់ ក៏ត្រូវស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីជាប្រយោជន៍ និងជំរុញពន្លឿនដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់អង្គភាពខ្លួនឱ្យមានការរីកចម្រើន។
ឯកឧត្តម ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ តាមបណ្តាស្រុក និងកងកម្លាំងទាំងអស់ កន្លងមកបានខិតខំទប់ស្កាត់នៃការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ ទោះជាយ៉ាងណាក៏យើងអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើ ដោយសារតែយើងគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម និងត្រូវបន្តពង្រឹងអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ព្រមទាំងសហការគ្នា រួមសាមគ្គីគ្នា ដើម្បីអភិវឌ្ឍមូលដ្ឋានក្នុងស្រុកជើងព្រៃ ឲ្យមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត។
ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ