(កំពង់ស្ពឺ)៖ អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យព្រះសង្ឃ ពុទ្ធបរិស័ទ និងយុវជនរួមគ្នា យកពាក្យ «អរគុណសន្តិភាព» ទន្ទេញដាក់ក្នុងដួងចិត្ត ដើម្បីជាមូលដ្ឋាននៃការស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព បន្តលើការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ សម្រាប់អ្នកជំនាន់ក្រោយ បានទទួលផលយ៉ាងលើសលប់នៃសុខសន្តិភាពតទៅទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធ សមិធិផលនានានៅក្នុងវត្តអង្គបឹងចក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៣ ខែមករានេះថា ការរក្សាបានសុខសន្តិភាពគឺធានាអោយប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ រាប់តាំងពីការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរំខាន។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់ ដូច្នេះត្រូវថែរក្សាសុខសន្តិភាពនេះអោយគង់វង្ស ទោះក្នុងរូបភាពណាក៏ដោយមិនអោយជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។ឯកឧត្តមបញ្ជាក់ថា ដើម្បីឲ្យប្រទេសកម្ពុជាអាចក្លាយជាប្រទេសអភិវឌ្ឍន៍បាននោះ លុះត្រាតែមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ ដូចនេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេជោហ៊ុនសែន និងត្រូវទន្ទេញពាក្យថាអរគុណសន្តិភាព ចាំជាប់ក្នុងបេះដូងជារៀងដរាប។លោក ឃឹម ស៊ុនសូដា ក្នុងថ្ងៃចូលកាន់តំណែងជាអភិបាលខណ្ឌកំបូល បានឲ្យដឹងថា អាជ្ញាធរខណ្ឌបានដាក់បដាដែលសរសេរអរគុណសន្តិភាពនៅតាមទីតំាងសំខាន់ៗនៅក្នុងខណ្ឌ ដើម្បីជាសាររំលឹកឲ្យប្រជាពលរដ្ឋកាន់តែស្រលាញ់សន្តិភាពហើយរួមគ្នាការពារសន្តិភាព។
លោកបានបញ្ជាក់ថា ការសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តអង្គបឹងចកនាពេលនេះបាន គឺបាន កើតចេញពីប្រទេសជាតិមានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំឲ្យពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា ពិសេសការកសាងសុខសន្តិភាពបានល្អពិតជាបានជួយអោយវិស័យពុទ្ធចក្រមានការរីកចំរើនទៅតាមនោះដែរជាក់ស្តែងគ្រប់ទីវត្តអារ៉ាមទាំងអស់បានអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អសម្រាប់ទុកអោយពុទ្ធបរិស័ទគោរពប្រតិបត្តិ។សូមបញ្ជាក់ថា សមិទ្ធិផល នានៅក្នុងវត្តអង្គបឹងចកដែលសម្ពោធឆ្លងនាពេលនេះ មានមហា កុដ្ឋ សួនច្បារ សាលាបាលី និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដែលចំណាយថវិកាជាង១លានដុល្លា៕