អាជ្ញាធរចិនបានចេញបម្រាមក្តៅៗថ្មីទៀតហើយ ដោយហាមប្រជាជនទាំងអស់ ចាកចេញទៅក្រៅប្រទេស គិតចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះតទៅ ខណៈលោកប្រធានាធិបតី ស៊ី ជិនពីង បានព្រមានអំពីការរាតត្បាតកាន់តែអាក្រក់ នៃវីរុសផ្លូវដង្ហើមថ្មីទូទាំងប្រទេស ដែលបានផ្តាច់ជីវិតមនុស្សសរុប ៥៦នាក់ ក្នុងនោះម្នាក់នៅសៀងហៃ ដែលជាករណីស្លាប់ដំបូងក្នុងទីក្រុងនេះ ខណៈមនុស្ស ២,០០០នាក់ទៀតបានឆ្លង់វីរុស កូរ៉ូណានេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០។
សម្រាប់ចំណាត់ការក្តៅកន្លងមកនេះ អាជ្ញាធរចិនបានសម្រេចបិទទីក្រុង វូហាន (Wuhan) និងខេត្តហូប៉ី (Hubei) ទាំងមូលតែម្តង ជាទីដែលមនុស្សរហូតដល់ទៅ ៥៥នាក់បានស្លាប់ និងជាប្រភពដើមនៃការចម្លងវីរុសនេះ ដល់មនុស្សប្រមាណ ២,០០០នាក់នៅទូទាំងប្រទេសចិន និងជិត ៣០នាក់នៅទូទាំងពិភពលោក។ បន្ថែមពីនេះទីក្រុងប៉េកាំងដែលមានប្រជាជនជាង ២០លាននាក់ និងទីក្រុងធានជិន (Tianjin) ដែលមានប្រជាជន ១៥លាននាក់ក៏ចាប់ផ្តើមអនុវត្តន៍នូវបម្រាមថ្មីដែរ នោះគឺការហាមរថយន្តក្រុងដឹកអ្នកដំណើរផ្លូវឆ្ងាយ «ចេញ និងចូល» ទីក្រុងធំៗទាំងពីរនេះ។
គួរបញ្ជាក់ថា ប្រទេសនៅអាស៊ានយើងដូចជាថៃ វៀតណាម សិង្ហបុរី និងម៉ាឡេសីជាដើម បានរកឃើញករណីឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានេះរួចទៅហើយ ដោយក្នុងប្រទេសថៃមានច្រើនករណីជាងគេ រហូតទៅដល់ ០៧នាក់ ខណៈសិង្ហបុរីវិញមាន ០៤នាក់។ មិនទាន់មានប្រទេសណាមួយបានរាយការណ៍ពីមនុស្សស្លាប់ ដោយសារវីរុសដែលមានប្រភពដើមពីប្រទេសចិននេះឡើយ ក្រៅពីទឹកដីចិនផ្ទាល់។
គួរបញ្ជាក់ថា សម្រាប់តួលេខផ្លូវការសម្រាប់ប្រទេសចិន គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ មនុស្ស ១,៩៨៥នាក់បានឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេស និង ២,០៥៧នៅទូទាំងពិភពលោក (គិតទាំងចិន) ខណៈមនុស្ស ៥៦នាក់បានស្លាប់ ក្នុងនោះ ៥៥នាក់នៅទីក្រុងវូហាន និងម្នាក់នៅទីក្រុងសៀងហៃ។
ដោយឡែកសម្រាប់ ប្រទេសផ្សេងៗក្រៅពីចិន ដែលមានករណីឆ្លងវីរុសកូរ៉ូណាពីទីក្រុងវូហាននោះមានដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក សរុបចំនួន ៦០ករណី ខណៈថៃមានអ្នកឆ្លងច្រើនជាងគេរហូតដល់ ០៧ករណី និងបន្ទាប់មកគឺសិង្ហបុរីមាន ០៤ករណី៕