(ខេត្តកំពត) បើយើងបានក្រឡេកមើលឃើញទិដ្ឋភាពភ្នំជាច្រើន នៅក្នុងភូមិសាស្ត្រខេត្តកំពត ត្រូវគេជីកកកាយយកអាចម៍ដី និងថ្មធ្វើជាអាជីវកម្ម ស្ទើតែបាត់រូបរាងបែបនេះ យើងពិតជាមានចិត្តសង្វេគខ្លាំងបំផុត ហើយចំពោះករណីការជីកកាយរំលើងយកអាចម៍ដីស្ទើដល់កំពូលភ្នំទៅហើយនោះ គេមិនទាន់ដឹងថា ក្រុមអ្នកធ្វើអាជីវកម្មមានអាជ្ញាប័ណ្ណឬគ្មាននោះឡើយ។
បើតាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅក្នុងទីរួមខេត្តកំពតបានលួចទម្លាយថា ភ្នំដែលកំពុងរងការជីកកាយយកអាចម៍ដី និងថ្មយ៉ាងពេញបន្ទុកនោះ ភាគច្រើនគឺនៅមិនឆ្ងាយពីទីប្រជុំជនខេត្តកំពតនោះឡើយ ដូចជាភ្នំជប់ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត និងភ្នំត្នោត ស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ក្រៅពីភ្នំដែលបានបង្ហាញខាងលើ ក៏មានភ្នំមួយទៀតដែលគេកំពុងធ្វើអាជីវកម្មយកអាចម៍ដីដឹកជញ្ជូនលក់យ៉ាងចំហដូចគ្នាដែរនោះ គឺភ្នំកកេះប៉ែកខាងត្បូង ដោយភ្នំកកេះនេះស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
បើតាមប្រភពដដែលបានបញ្ជាក់ផងដែរថា ចំពោះភ្នំកកេះដែលគេកំពុងយកគ្រឿងចក្រមកជីកកកាយស្ទីើរលាយបែបនេះក្តី ប៉ុន្តែហាក់មិនដែលឃើញផ្នែកជំនាញណាម្នាក់ទៅត្រួតពិនិត្យនោះឡើយ។ម្យ៉ាងទៀតក្រុមរថយន្តដឹកជញ្ជូនអាចម៍ដី ក៏បានបង្កហានិភ័យដល់ពលរដ្ឋរស់នៅក្បែរភូមិសាស្ត្រនោះផងដែរ ដូចជាការបង្ហុយធូលីដីមានសភាពហុយទ្រលោមចាប់ពីព្រឹកដល់ល្ងាចទៀតផង។ ប្រភពច្បាស់ការណ៍ខាងលើបានបង្ហើបឱ្យដឹងទៀតថា បច្ចុប្បន្នភ្នំកកេះត្រូវឈ្មួញយកគ្រឿងចក្រជីកកកាយយកដីលក់ស្ទើអស់មួយចំហៀងភ្នំទៅហើយតែហាក់ពុំដែលឃើញផ្នែកជំនាញណាម្នាក់ចុះទៅត្រួតពិនិត្យឡើយ។
ហើយភ្នំជប់និងភ្នំត្នោតមានការដ្ឋានចំនួន៣កន្លែង គឺការដ្ឋានដឹកដីមួយកន្លែងនិងការដ្ឋានបំផ្ទុះយកថ្មមានពីរកន្លែង ប៉ុន្តែគេមិនដឹងជាក្រុមហ៊ុនណាខ្លះទេ ដោយការដ្ឋានទាំងបីនេះបាននិងកំពុងតែធ្វើសកម្មភាពជីកកាយយកអាចម៍ដី និងថ្ម នៅចំណុចភ្នំខាងលើនោះ។
ទាក់ទិននឹងការជីកយកអាចម៍ដីស្ទើរលាយភ្នំស្ថិតក្នុងភូមិសាស្ត្រខាងលើ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងឋាមពលខេត្តកំពត កន្លងមកលោកប្រធានធ្លាប់បានបញ្ជាក់ប្រាប់ កម្ពុជាថ្មីតាមទូរស័ព្ទថា តាមការពិតអ្នកធ្វើអាជីវកម្មយកដីនិងថ្មភ្នំខាងលើ សុទ្ធតែបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយការធ្វើអាជីវកម្មនេះមានអាជ្ញាប័ណ្ណដែលមានរយៈពេល៥០ឆ្នាំ ទើបអស់សុពលភាព។
លោកប្រធានមន្ទីររ៉ែ និងឋាមពលខេត្តកំពត ក៏បានរំលឹកដល់អ្នកកាសែតថា សូមកុំប្រើពាក្យជីកយកដីស្ទើរលាយភ្នំឱ្យសោះ ព្រោះភ្នំនិមួយៗដែលមានច្បាប់អនុញ្ញាតសុទ្ធតែមានរយៈពេលវែង ពោលគឺអាជ្ញាប័ណ្ណមានរយៈពេលចាប់ពី៥០ឆ្នាំឡើងទៅ ទើបផុតកាលកំណត់។
ជាមួយគ្នានេះ មជ្ឈដ្ឋានក្នុងខេត្តកំពត បានលើកឡើងថា សកម្មភាពជីកកាយយកអាចម៍ដីស្ថិតចំណុចភ្នំកកេះ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ត្រូវម្ចាស់គ្រឿងចក្រកាយយកដីស្មើនឹងចង្កេះភ្នំទៅហើយៗគេក៏ឆ្ងល់ថា តើអាជ្ញាប័ណ្ណដែលអនុញ្ញាតសម្រាប់ឱ្យធ្វើអាជីវកម្មនោះ មានដែនកំណត់ដែរឬទេ? ៕