ខេត្តព្រះសីហនុ ៖ ក្នុងសិទ្នសីទសារព័ត៌មាន ជុំវិញបញ្ហានាវា MS Westerdam នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបានបញ្ជាក់ថា បើសិនរកឃើញអ្នកជំងឺវីរុស COVID-19 ឬកូរូណាថ្មី នៅលើនាវាទេសចរណ៍ មានឈ្មោះថា MS Westerdam ក៏កម្ពុជាទទួលយកដែរ ដើម្បីព្យាបាលពួកគាត់ ដោយគ្មានការរើសអើងឡើយ។
សម្តេចបានបញ្ជាក់ថា ៖ «បញ្ហាដែលត្រូវចោទសួរ ដូចអ្វីដែលខ្ញុំនិយាយកាលនាពេលកន្លងមកថា បញ្ហាពិតប្រាកដរបស់កម្ពុជា មិនមែនជាជំងឺកូរ៉ូណាប្រភេទថ្មីទេ គឺជំងឺការភ័យខ្លាច។រហូតមកដល់ពេលនេះ ជំងឺកូរូណា មិនឆ្លងដល់ពលរដ្ឋកម្ពុជាទេ គ្រាន់តែឆ្លងជនជាតិចិនម្នាក់ ដែលមកនៅស្នាក់នៅកម្ពុជា ដែលបានព្យាបាលជាហើយដែរ»។
សម្ដេចគូសបញ្ជាក់ថា ៖ «ខ្ញុំគ្រាន់តែលើកហេតុផលមួយ ដើម្បីជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានជ្រាប់ថា ប្រសិនបើកម្ពុជាមិនទទួលទេ សួរថា អ្នកទាំងនេះដែលរស់នៅក្នុងនាវាជាង២០០០នាក់ តើពួកគេទៅទីណា? នេះនិយាយអំពីការភ័យខ្លាចកូរ៉ូណា។ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេង អ្នកដទៃ ឬប្រទេសដទៃ អាចយល់ ដាក់ចេញ ឬចោទជាសំណួរថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាត្តឲ្យចូលទេ? ខ្ញុំអាចឆ្លើត បយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន»។
សម្ដេចតេជោ ដែលមានសណ្តានចិត្តមិនរើសអើសពូជសាសន៍បានបន្ថែមថា «មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺទាំងនោះស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសព តើត្រូវទំលាក់ចោលក្នុងទឹកសមុទ្រ ឬក៏ទុកនៅលើនាវានេះ? នេះជាបញ្ហាដែលត្រូវឃើញអំពីទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជា ការទទួលខុសត្រូវរបស់យើង ក្នុងឋានៈជាសហគមន៍សមាជិកនៃសហគមអន្ដរជាតិ ដែលទទួលខុស ត្រូវ»។
ជាមួយគ្នានោះដែរ សម្ដេចបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូចសហគមន៍អន្ដរជាតិ ពេលនេះមិនមែនជាពេលភ័យខ្លាច មិនមែនជាពេលត្រូវការរើសអើងទេ ដែលជាត្រូវរូបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម មនុស្សនៅលើនាវា ខណៈប្រទេសជាច្រើនបានជួបប្រទះបញ្ហាទាំងនេះ។
សម្ដេចរៀបរាប់ថា ប្រសិនបើសម្ដេចមកទទួលប្រជាពលរដ្ឋនៃបណ្ដាប្រទេសរហូតដល់៤១ នៅលើនាវា បែបជាជួបគ្រោះថ្នាក់ដល់សម្ដេច វានឹងសាកសមពលីកម្មដែលសម្ដេចធ្វើដើម្បីមនុស្សសញ្ញាជាតិផងដែរ។ តើឲ្យយើងនិយាយអំពីការគោរពសិទ្ធិមនុស្សអ្វីទៅ? ប្រសិនបើសិទ្ធិរស់រានមានជីវិត មិនត្រូវបានគោរពផងនោះ? កម្ពុជា យកការទទួលខុសត្រូវមួយលើបញ្ហាគោរពសិទ្ធិមនុស្សជាចំបង។
ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងទៀតថា ដំបូងបំផុតត្រូវគោរពសិទ្ធិមនុស្ស បើការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង២០០០នាក់ នៅលើកនាវា ដែលមានរហូតទៅដល់៤១សញ្ញាជាតិ។ ហើយពេលនេះ កម្ពុជាបានធ្វើនៅកិច្ចការដែលទាក់ទងនឹងដំណើរការនៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិវិលត្រឡប់ទៅកាន់ប្រទេសវិញ ដោយសុវត្ថិភាពបំផុត។
ជាមួយគ្នានោះដែរ សម្ដេចអរគុណពលរដ្ឋកម្ពុជា ដែលបានលើកទឹកចិត្តគ្រាំទ្រទៅដល់ការសម្រេចចិត្តរបស់សម្ដេច ក្នុងការឲ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា។ សម្ដេចថា ការឲ្យចូលនាវានេះចូលបានធ្វើពលរដ្ឋ៤១សញ្ញាជាតិបានត្រឡប់ទៅប្រទេសដើមវិញ ដើម្បីជួបជុំគ្រួសារ មិនមានការភ័យខ្លាចឡើយ។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បើឱកាសឲ្យអ្នកនៅលើនាវា ចាក់ចេញធ្វើដំណើរកម្សាន្ដនៅខេត្តព្រះសីហនុ និងកន្លែងផ្សេងៗទៀត ហើយសម្ដេច នឹងរៀបចំដើម្បីបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យពួកគាត់ដើរកម្សាន្ដឲ្យសប្បាយរីករាយនៅកម្ពុជា។ ជាពិសេស សណ្ឋាគារ និងអ្នកលក់ដូរនៅខេត្តព្រះសីហនុ និងបណ្ដាខេត្តផ្សេងៗទៀត មិនត្រូវរើសអើងពួកគាត់ឡើយ។
ក្នុងសន្និសីទនោះដែរ នាយករដ្ឋមន្ដ្រីសង្ឃឹមថា ពលរដ្ឋកម្ពុជា នឹងទទួលយកការទទួល ខុសត្រូវណាមួយក្នុងឋានៈជាអ្នកបានចូលរួមចំណែក ដើម្បីលើកស្ទួយដល់សិទ្ធិរស់រានមា នជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង។ បើសិនមានពលរដ្ឋកម្ពុជានៅលើនាវា តើមានយ៉ាងណាដែរ? ទៅដល់កន្លែងមួយគេបដិសេធបែបនេះ ។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងទៀតថា កម្ពុជាបន្ដចូលរួមជាមួយសហគមន៍អន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលកម្ពុជា អាចធ្វើទៅបានដូចករណី មនុស្សនៅលើនាវានាពេលនេះចឹង។ សូមជម្រាបថា នាវាទេសចរណ៍ដ៏ធំមួយគ្រឿង ឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលផ្ទុះភ្ញៀវទេសចរណ៍ ២,២៥៧នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុ។ នាវាទេសចរណ៍របស់អាមេរិកដ៏ធំនេះ បានស្នើសុំចុះចតនៅតាមប្រទេស និងកោះចំនួន៦មកហើយ តែត្រូវបដិសេធមិនឲ្យចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរូណាថ្មី ៕