ខេត្តស្វាយរៀង ៖ តើភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនៅទីណា? កាស៊ីណូមួយកន្លែងនៅជិតច្រករបៀងគ្រួស ស្ថិតនៅក្នុងភូមិក្រសាំជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលគេស្គាល់ថាជារបស់លោក (ឧត្តមសេនីយ៍ លី យូគាទ) បានបើកលេងយ៉ាងរំភើយ ដោយគ្មានអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធ ចាត់វិធានការក្នុងការទប់ស្កាត់ទាល់តែសោះ ប្រហែលជាមន្ត្រីនៅក្នុងខេត្តស្វាយរៀង ខ្លាចអំណាច ឧត្តមសេនីយ៍ លី យូគាទ ជាម្ចាស់កាស៊ីណូនេះហើយមើលទៅ ។
ដោយបច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅជិតៗនោះសង្កេតឃើញថា មានជនអន្តោប្រវេសន៍វៀតណាម និងប្រជាពលរដ្ឋខ្មែរចូល លេងល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ល្បែងបញ្ជល់មាន់ អាប៉ោង និងល្បែងជាច្រើនមុខទៀតនៅក្នុងកាស៊ីណូក្រសាំងជ្រុំយ៉ាងគគ្រឹកគគ្រេង ។ ប្រភពដដែលបានឲ្យដឹងទៀតថា ជនជាតិវៀតណាមដែលចូលមកលេងល្បែងជារៀងរាល់ថ្ងៃនៅក្នុងកាស៊ីណូមួយនេះ គឺសុទ្ធសឹងជាជនអន្តោប្រវេសន៍វៀតណាមទាំងអស់ ព្រោះថារាល់ការចេញចូលរបស់ពួកគេ គឺមិនដែលមានលិខិត ឬក្រដាសស្នាមអ្វីទាំងអស់ គ្រាន់តែពួកគេបង់លុយឲ្យខាងប៉ូលីសការពារព្រំដែនគ្រួស នោះពួកគេអាចចូលមកតាមផ្លូវបារ៉ាស់បាន ខ្លះទៀតក៏មកតាមផ្លូវកាត់ ដើម្បីវាងពីសមត្ថកិច្ចខាងវៀតណាម រួចក៏បន្តចូលមកលេងល្បែងក្នុងកាស៊ីណូ ហើយការលេងល្បែងក្នុងកាស៊ីណូនោះមានរយៈពេលយូរឆ្នាំមកហើយ ។
ប្រភពច្បាស់ការមួយបានលើកឡើងថា កាស៊ីណូគ្រួសនេះ គឺកាលពីកន្លងមកមានអាជ្ញាប័ណ្ណ តែពេលមួយរយៈនេះបានផ្លាស់ប្តូរអ្នកគ្រប់គ្រង បានជាគេសង្ស័យថា កាស៊ីណូនេះគ្មានច្បាប់ត្រឹមត្រូវទៀតនោះទេ តែនៅអាចដំណើរការ លេងបាន ប្រហែលជាមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីធំៗនៅក្នុងខេត្តស្វាយរៀងហើយមើលទៅ បានជាកាស៊ីណូមួយនេះ នោតែបើកលេងបានដោយរលូនយ៉ាងនេះ ។ ខណៈកាស៊ីណូនេះគ្មានស្លាកយីហោឈ្មោះទាំងអស់ ដោយឡែកសំណង់រឹងមាំក៏គ្មាន គឺពុំត្រឹមត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេសកាស៊ីណូនោះទេ ។
ប្រជាពលរដ្ឋបានសុំណូមពរឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កឹង ឃន ស្នងការនគរបាល ខេត្តស្វាយរៀង មេត្តាជួយពិនិត្យមើលកាស៊ីណូនៅច្រករបៀងក្រសាំជ្រុំ ឃុំគ្រួស ស្រុកស្វយជ្រុំ ខេត្តស្វាយរៀងនេះផង តើពេលនេះកាស៊ីណូខាងលើនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែរឬទេ ? ហើយលោកគួរតែមានវិធានការក្នុងការជួយទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែញៀននឹងល្បែងនេះផង ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ៕