សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រកាសចេញមុខការពារ និងជួយនគរបាលចរាចរណ៍ដែលចាប់ពិន័យអ្នកធំ ឬមន្ត្រីមានអំណាចទាំងឡាយណា ដែលមិនគោរពច្បាប់ចរាចរណ៍។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ទីចាត់ការ អគាររដ្ឋបាល ឃុំ និងសមិទ្ធផលនានា នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែកុម្ភៈនេះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “ទាំងអស់គ្នាមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ អត់មា ន លើកលែងអ្នកណាទេ ឱ្យតែខុសច្បាប់។
អ្នកខ្លះថាទេ ប៉ូលីសចរាចរណ៍ស័ក្តិ១ ដល់ចាប់ឧត្តមសេនីយ៍ប៉ូលីសពាក់ផ្កាយ៣ ចាប់ឧត្តមសេនីយ៍យោធាពាក់ផ្កាយ៣ អត់ត្រូវទេធ្វើអីចឹ្ចង។ ខ្ញុំសួរតើធ្វើម៉េចបានត្រូវ តែច្បាប់ចែងថាមនុស្សមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ទោះបីអ្នកឯកផ្កាយ៤ក៏ដោយ បើកឡានបុកគេ ប៉ូលីផ្កាយមួយ ឬស័ក្តិមួយ ឬក៏ពលបាលត្រីទេ ក៏ចាប់បានដែរព្រោះមានសិទ្ធិ ស្មើភាពគ្នាចំពោះមុខច្បាប់។”
សម្តេចក្រឡាហោមបានបន្តថា ទោះបីជាមានស័ក្តិ ឬតូនាទីជាអ្នកតំណាងរាស្ត្រ ដែលធ្វើ ច្បាប់យ៉ាងណាក្តីបើមិនគោរពច្បាប់ ក៏ត្រូវអនុវត្តន៍ច្បាប់ដែរ។ តួនាទីរដ្ឋមន្ត្រីបើមិនគោរពច្បាប់ក៏ខុសផ្កាយ៤ក៏ដោយបើធ្វើខុសច្បាប់គឺខុស។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “អីញ្ចឹងសុំឱ្យអស់លោកប៉ូលីសធ្វើទៅ ហើយមានអីឆ្លើយដាក់ខ្ញុំមក ខ្ញុំការពារ អីញ្ចឹងអត់ហ៊ានធ្វើទេ គ្រាន់តែ ដោះមួកមករួចខ្លួននោះ រឿងហ្នឹងអត់ទេ គឺអ្នកណាក៏ដោយត្រូវតែអនុវត្តន៍ច្បាប់។
ត្រង់ចំណុចនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ច្បាប់ធ្វើឡើងសម្រាប់មនុស្សគ្រប់គ្នាមិនមែនសម្រាប់អ្នកណាម្នាក់ មិនមែនសម្រាប់ក្មេង ចាស់ ប្រុស ស្រី អ្នកតូច អ្នកធំនោះទេ គឺប្រជាជនទាំងអស់នៅក្រោមច្បាប់៕