(ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២)
(ខេត្តតាកែវ)៖ក្រុមឈ្មួញស៊ីឈ្នួលដឹកទំនិញគ្រាន់ចិញ្ចឹមជីវិតនិងក្រុមអាជីវករ ដែលដឹកទំនិញនិងយក
ទំនិញមកលក់បន្តពីរតាមច្រកនានាក្នុងខេត្តតាកែវបាននាំគ្នាត្អូញត្អែរថាពេលពួកគាត់ដឹកមកដល់ចំណុចគយចល័តជិតរង្វង់មូលអូរចំបក់ផ្លូវជាតិលេខ២ ត្រូវឈប់បង់លុយចំនួន ៦ ម៉ឺនរៀល ឬអាចច្រើនជាងនេះទៀតទៅតាមប្រភេទទំនិញតិចឬច្រើន ។
បើតាមប្រភពផ្សេងៗទៀតពីក្រុមអាជីវករដែលជាអ្នកដឹកទំនិញតាមម៉ូតូកែច្នៃ ក៏ដូចជាឡានសាំយ៉ុងដឹកទំនិញសំពេញសំពោងសុំមិនបញ្ចេញឈ្មោះបានអះអាងថាទំនិញដែលពួកគាត់បានដឹកយកមកពីច្រកទ្វារអន្តរជាតិភ្នំដិន បើទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយក៏ជៀសមិនផុតពីត្រូវបង់លុយឲ្យក្រុមគយចល័តខេត្តតាកែវនោះដែរ។ ដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ប្រាក់ចំណេញក្នុងមួយជើងៗ ហើយក្នុងមួយឡានត្រូវបង់លុយចាប់ពី ៦មុឺន ឡើងទៅ នេះបើតាមសម្ដីដែលអ្នកដឹកទំនិញត្រូវចូលបង់។
បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ អំពើពុករលួយរបស់លោក មេគយចល័តខេត្តតាកែវ មានការឃុបឃិតជាប្រព័ន្ធជាពិសេសជាមួយលោក ស៊ុន ឆាយ មេគយខេត្តតាកែវ ដែលទើបតែប្រកាសកាន់តំណែងថ្មីៗតាមការអះអាងពីក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរងការគាបសង្កត់កាន់តែខ្លាំងពីក្រុមគយចល័ត ឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីយួនតាមច្រកភ្នំដិននិងច្រករបៀងជាច្រើនទៀតបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមគយចល័តរបស់លោកមេគយចល័ត ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ រាល់ការបង់លុយរបស់ឈ្មួញអាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះឡើយ គឺយកលុយគ្រប់ចំនួនដាក់តែលើតុបរួចជាស្រេច។
ចំណែកឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកបែរជាពួកគេមិនហ៊ានប៉ះពាល់ឡើយ ព្រោះខ្លាចប៉ះខ្សែអ្នកធំ ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនងសុំការបកស្រាយណាមួយពីរទៅលោកស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងលោកមេគយចល័តខេត្តតាកែវ បានទេព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង។
ជុំវិញព័ត៌មានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរ លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងលោក មេគយចល័ត ខេត្តតាកែវ ឬមន្ត្រីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕