(កំពង់ស្ពឺ)៖ ក្រុមក្មេងទំនើងរហ័សនាមថា «Team22» ដែលបានថតបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបានចំនួន៥នាក់ ក្នុងប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១:២០នាទី ស្ថិតនៅក្នុងភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាក្រោយទទួលបានព័ត៌មាន និងឃើញការបង្ហោះតាមបណ្តាញសង្គម ព្រមទាំងបានទទួលការផ្តល់ព័ត៌មាន និងមានការចូលរួមពីរកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថក្រុងភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញស្រុកគងពិសី ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមទៀតថាជនសង្ស័យនោះមានឈ្មោះ ទី១-ឈ្មោះ សុខ ដារូត ភេទប្រុស អាយុ ១៧ឆ្នាំ,ទី២-ឈ្មោះ សុខ ដារដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ,ទី៣-ឈ្មោះ សុខ រក្សា ភេទប្រុស អាយុ ២៧ឆ្នាំ,ទី៤-ឈ្មោះ សាន ជេក ភេទប្រុស អាយុ ២៥ឆ្នាំ នឹងទី៥-ឈ្មោះ រិន អែម ភេទប្រុស អាយុ ២២ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថាក្រុមក្មេងទំនើងដែលបានដាក់រហ័សនាមខ្លួនឯងជា«Team22»ទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។
លោកថាក្នុងនោះកម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន ៖ទូរស័ព្ទចំនួន០៥គ្រឿង នឹងម៉ូតូចំនួន០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងរួមវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕