ភ្នំពេញ-កំពង់ធំ៖ ឃាតកដៃឆៅ ចាក់សម្លាប់បុរសជាសន្ដិសុខម្នាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅខេត្តកំពង់ធំ នាល្ងាចថ្ងៃនេះទីដែលជនសង្ស័យកំពុងលាក់ខ្លួន។
លោកឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា។
បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រតិបត្តិរហូតឈានដល់តាមចាប់ខ្លួនបានជនដៃដល់នេះមានកិច្ចសហការរវាង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានបញ្ជាក់ថា ជនដៃដល់ ដែលកម្លាំងជំនាញតាមបង្ក្រាបបានឈ្មោះ ឈី ប៊ុនណៃ អាយុ ២២ឆ្នាំ មុខរបរសន្តិសុខ បានចាក់ជនរងគ្រោះឈ្មោះ ប៊ុន សុខចំរើន អាយុ ៤៦ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយជនសង្ស័យ ក៏បានរត់គេចខ្លួន ទៅបាត់តែម្តង។ ជនដៃដល់ខាងលើ ត្រូវឃាត់ខ្លួនបាន នៅវេលាម៉ោង ៥ល្ងាចមិញនេះ នៅចំណុចភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីសួរចម្លើយរួច ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះប្រមាថខ្លួនថាជាមនុស្សញៀនថ្នាំ។
បច្ចុប្បន្ន ជនដៃដល់ត្រូវបានបញ្ជូនពីខេត្តកំពង់ធំ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕