រាជធានីភ្នំពេញ៖ បុរសជាជាងដែកម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកជិតខាងយកទៅលក់រួចគេចខ្លួនបានប្រមាណជាងកន្លះខែហើយវិលត្រឡប់មកផ្ទះវិញនោះ ។
ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ៧និង ៣០នាទី ព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នៅចំណុចផ្ទះជួលក្នុងភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១BT-០៥៣៥។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះយ៉ោនរឿនហៅម៉ាប់ភេទប្រុសអាយុ ៣០ឆ្នាំជាជាងដែកស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដាស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខភ្នំពេញ១FO-៤៥៦៤ជាកម្មសិទ្ធិរបស់ឈ្មោះង៉ាំមួយភេទប្រុសអាយុ ៣១ឆ្នាំជាកម្មករសំណង់ស្នាក់នៅក្បែរគ្នា។
តាមប្រភពព័ត៌មាន បានអោយដឹងថាកាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៩ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូអ្នករស់ក្បែរគ្នាបានសម្រេចរួចក៍យកម៉ូតូនោះទៅលក់នៅកោះពេជ្របានប្រមាណជាង៤០០ដុល្លារ។បន្ទាប់ពីលក់បានលុយហើយជនសង្ស័យក៏គេចខ្លួនមួយរយៈពេលហើយនៅពេលថ្មីនេះក៍បានត្រឡប់មកផ្ទះវិញក៏ត្រូវម្ចាស់ប្តឹងនគបាលអោយជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។
តាមប្រភព ពីនគរបាលអោយដឹងថាដោយមានការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពទើបឈានទៅកំណត់មុខសញ្ញាជនសង្ស័យគឺជាអ្នករស់នៅក្បែរខាង។
ក្រោយការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាបន្ទាប់ពីលួចម៉ូតូបានសម្រេចហើយខ្លួនក៏បានយកម៉ូតូនោះទៅលក់បានលុយហើយក៏គេចខ្លួនទៅធ្វើជាជាងដែកនៅ ខេត្តព្រះសីហនុលុះពេលត្រឡប់មកវិញបានប្រមាណ១សប្តាហ៍នៅពេលកំពុងតែដេកស្រាប់តែត្រូវនគរបាលចុះទៅឃាត់ខ្លួនបានតែម្តង៕