ខេត្តកំពង់ស្ពឺ៖ កម្មារិនីរោងចក្រម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ខណៈដែលជិះម៉ូតូម្នាក់ឯងទៅធ្វើការ ត្រូវបានរថយន្តក្រឡុកសុីម៉ង់ត៍បុកចំពីមុខយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុកាណ៍រថយន្តក្រឡុកសុីម៉ង់ត៍បុកម៉ូតូបណ្តាលឱ្យស្លាប់កម្មារិនីរោងចក្រម្នាក់បានកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៣-ទៅលេខ៩៤ ត្រង់ចំណុចភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត ១គ្រឿងម៉ាក SANY (ប្រភេទក្រឡុកស៊ីម៉ង់ត៍)បិតផ្លាក(BUNTHA CONDRITE) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 5A-3832 អ្នកបើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ ហើយមិនស្គាល់អាស័យដ្ឋាននោះទេ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ តៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តនៅនិងកន្លែងកើតហេតុប៉ុណ្ណោះ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងល្បឿនលឿនពីទិសខាងកើតទៅទិសខាងលិច លុះពេលដំណើរមកដល់ចំណុចខាងលើដោយស្ថានភាពផ្លូវកោងផងនោះ ក៏បានជ្រុលចង្កូតបុកម៉ូតូ១គ្រឿងចំពីមុខយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យម៉ូតូខ្ទាតចេញពីកន្លែងកើតហេតុ ប្រហែល៤ទៅ៥ម៉ែត្រដោយនារីជាអ្នកបើកបរម៉ូតូ រមួលចូលគ្នាស្លាប់យ៉ាងនៅក្នុងថ្លុកឈាមតែម្តង។
សមត្ថកិច្ចជំនាញបាននិយាយឲ្យដឹងថាម៉ូតូដែលជួបគ្រោះថ្នាក់នោះម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JI-1690 អ្នកបើកបរឈ្មោះ សយ ចន្ធី ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរធ្វើការរោងចក្រ មានពាក់មួកសុវត្ថិភាពត្រឹមត្រូវ នារីខាងលើដែលស្លាប់នោះ រស់នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹង។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញធ្វើការវាស់វែង នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ បានហើយធ្វើកំណត់ហេតុប្រគល់សាកសពនារីរងគ្រោះ ជូនទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ តៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុវាស់វែងនិងយកវត្ថុតាង២គ្រឿង ខាងបានលើនោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការបន្តតាមនិតិវិធីនៅពេលក្រោយ។គួររំលឹកផងដែរថា បើយោងតាមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិក៏ដូចជាអ្នករួមធ្វើដំណើរតាមដងផ្លូវនោះ បានធ្វើការសំណូមពរ ដល់ក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ ដែលមានរថយន្តខ្នាតយក្ស បើកបរលើផ្លូវជាតិនោះ សុំនែនាំឧស្សាពន្យល់តែកុងរថយន្តនិមួយៗ កុំឱ្យបើកបរក្នុងល្បឿនលឿន ក្នុងទីប្រជុំជន ដោយមួយរយៈពេលកន្លងមកគេសង្កេតឃើញក្បួនរថយន្តក្រឡុកស៊ីម៉ង់បើកបរគឺក្នុងល្បឿនលឿនណាស់ ដោយពួកគាត់មានការភ័យខ្លាចព្រួយបារម្ភពីសុវត្ថិភាពអ្នកធ្វើដំណើរតាមផ្លូវ ដូចជាហេតុការណ៍ ខាងលើនេះជាដើម ជាក់ស្ដែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ក្រុមក្បួនរថយន្តក្រឡុកស៊ីម៉ង់ខាងលើបានបង្កហេតុ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ១ករណីបណ្តាលឲ្យមនុស្សស្លាប់ និងមួយករណីទៀតបានបុកសត្វគោ បណ្តាលឱ្យរថយន្តបែកកង់ក្រោយបន្តដំណើរទៅមុខលែងរួច៕