(ខេត្តកណ្តាល)៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគររាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ ករណីប្រទះឃើញសាកសពដែររុំកន្ទេលយកមកដោះចោលនៅស្រុកកណ្តាលស្ទឹង និងឈានដល់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ដែលជាម្ចាស់ គ្លីនិកពិគ្រោះជំងឺ ប៉ ខាង គួររំលឹកថា÷កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ជនសង្ស័យដែរសមត្ថកិច្ចឃាត់ខ្លួន.
ទី១៖ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ប្តី
ទី២៖ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ៣៩ឆ្នាំ ប្រពន្ធ។
សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។
ជនសង្ស័យប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សេរ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួន។ ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសាកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរីកាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕