ខេត្តក្រចេះ÷ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ លោក ស្រី យ៉ាង មនោរម្យ ប្រធានគណបក្សប្រជាជនកម្ពុជា ឃុំខ្សាច់អណ្តែត បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ក្រុមការងារគណបក្សជាសមាជិកសមាជិការគណបក្សឃុំច្សាច់អណ្តែត ប្រមាណជាង៥០០នាក់។
បន្ទាប់ពីអង្គពិធីទាំងមូលបានទស្សនា និងស្តាប់ ដោយយកចិត្តទុកដាក់ ការផ្សាយបន្តផ្ទាល់ពីថ្នាក់កណ្តាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ កោះពេជ្រ ជាពិសេស ស្តាប់ការថ្លែងសុន្ទរកថានយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួចមក មានមតិសំណេះ សំណាលជាមួយសមាជិក សមាជិកាបក្ស លោក ស្រី យ៉ាង មនោរម្យ បានសម្តែងនូវក្តីរីករាយដោយបានចូលរួម ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ (គ.ជ.ប) ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិពណ៌ សន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ដោយឡែកនៅឃុំខ្សាច់អណ្ដែតបានរៀបចំក្បួនដង្ហែឃោសនាបោះឆ្នោតតាមការកំណត់(គ.ជ.ប) ដោយមានក្រុមការងារគណបក្សជា សមាជិកសមាជិការគណបក្សឃុំច្សាច់អណ្តែត ប្រមាណជាង៥០០នាក់។ នាឱកាសនោះ លោក ស្រី យ៉ាង មនោរម្យ ប្រធានគណបក្សប្រជាជនកម្ពុជា ឃុំខ្សាច់អណ្ដែត បានផ្ដាំផ្ញើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និង បងប្អូនប្រជាពលរដ្ឋនាំគ្នាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី (១៨) នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣ (មានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍន៍)៕