ខេត្តក្រចេះ÷ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ លោក ស្រី យ៉ាង មនោរម្យ ប្រធានគណបក្សប្រជាជនកម្ពុជា ឃុំខ្សាច់អណ្តែត អញ្ជើញចូលរួមយុទ្ធនាការឆ្ពោះទៅកាន់ជ័យជំនះនៃការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំសុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន នឹង ក្រុមការងារគណបក្សជាជនសមាជិកសមាជិការគណបក្ស ស្រុក និងឃុំ ប្រមាណជាង៦០០០នាក់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ឯកឧត្តម ព្រុំ សុខា បានថ្លែងថា៖ ក្នុងរយៈពេល ៧២ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាយើង បានសម្រេចនូវស្នាដៃជាប្រវត្តិសាស្រ្ត គឺបានសង្គ្រោះជីវិតប្រទេសជាតិ និងប្រជាជន ឲ្យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់នៃរបបដ៏ឃោរឃៅនេះ និងបានធ្វើជាស្នូលនៃការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរុំាំរ៉ៃ បង្កើតបាន សុខសន្តិភាពពេញលេញ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសម្រេចការបោះឆ្នោតយ៉ាងទៀតទាត់ ទាំងបោះឆ្នោតរដ្ឋសភា ព្រឹទ្ធសភា បោះឆ្នោតឃុំ សង្កាត់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត បោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក តាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដោយទទួលបានការគាំទ្រ និងសាទរពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។ កម្ពុជា បានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ជាក់ស្តែងក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ គណបក្សប្រជាជនកម្ពុជាយើង បានពុះពារគ្រប់ឧបសគ្គ ដើម្បីការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាជនយើង ដែលធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលងើបចេញពីជម្ងឺកូវីដ-១៩ បានលឿនជាងគេនៅលើពិភពលោក។
ដោយឡែកលោក ស្រី យ៉ាង មនោរម្យ ប្រធានគណបក្សប្រជាជនកម្ពុជា ឃុំខ្សាច់អណ្តែត បានផ្ដាំផ្ញើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និង បងប្អូនប្រជាពលរដ្ឋនាំគ្នាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី (១៨) នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣ (មានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍន៍)៕