ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញដែលមាន លោកអនុបណ្ឌិត ឌីម សុខុន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញព្រមទំាង លោកអនុបណ្ឌិត ឃីម រដ្ឋា លោកអនុបណ្ឌិត ពុំ តារា លោកអនុបណ្ឌិត ហ៊ុន ពិសិដ្ឋ នឹងលោក សេង សុខេង ចាងហ្វាងការផ្សាយ គេហទំព័រ (ស៊ីអិនធី ហតញូយ៍) បានចំណាយថវិកាផ្ទាល់ខ្លួនទិញកូនឈើចំនួន ១០០ដើម ក្នុងនោះកូនឈើក្រញូងចំនួន៧០ដើម និងកូនឈើធ្នង់ចំនួន៣០ដើម ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា០៩ កក្កដា ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តក្រចេះ នៅក្នុងបរិវេណ សាលាបឋមសិក្សាព្រែកសំរោង ភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ ។ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា÷ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ និង ឆ្នាំ២០២១ ដែលប្រទេសជាតិយើងខកខានមិនបានរៀបចំពិធីរុក្ខទិវា ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ គឺព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៃយើង ទ្រង់តែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវានេះនៅតាមបណ្ដាខេត្ត ហើយនៅក្នុងឆ្នាំនេះ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ទ្រង់នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតក្នុងពិធីបុណ្យរុក្ខទិវានេះ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា ដើម្បីជាការចូលរួមអបអរសាទរឲ្យបានកាន់តែផុលផុស និងអធិកអធម នៅឆ្នាំ២០២៣នេះ ដែលខេត្តក្រចេះយើង បានចាត់តាំងរៀបចំប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្ដិព្រៃឈើ និងបណ្តុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ក៏ដូចជាដើម្បីរំលឹកដល់ស្នាដៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកទឹកព្រះទ័យទុកដាក់ក្នុងចលនាដាំដើមឈើ សម្រាប់ជាប្រយោជន៍ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពីគុណសម្បត្តិ នៃការដាំដើមឈើ និងនាំគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែងដែលមានដីទំនេរ ជាពិសេសនៅតាមតំបន់ និងទីតាំងដែលមានការអភិវឌ្ឍ និងរៀបចំថ្មី ដូចដែលយើងទាំងអស់គ្នាកំពុងប្រារព្ធធ្វើនៅទីនេះ។
នៅចុងបញ្ចប់នៃពិធីនេះ ខេត្តអភិបាលខេត្ត ព្រមទាំងសមាជិក សមាជិកា បានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមផងដែរ៕