ខេត្តក្រចេះ÷ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តមប ឆាន់ សាផាន តំណាងដ៏ខ្ពង់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះពង្រឹងមូលដ្ឋាន ស្រុកឆ្លូង ខេត្តក្រចេះ បានចុះជួបសំណេះសំណាល ជាមួយ ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារគណបក្សជាសមាជិកសមាជិការគណបក្សប្រជាជន ប្រហែលជាង៥០០នាក់ នៅលើឧបដ្ឋានសាលាឆាន់វត្តពោធិរង្សី ស្ថិតនៅភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាន់ សាផាន តំណាងដ៏ខ្ពង់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានលេីកឡេីងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ឯកឧត្តម ឆាន់ សាផាន បានបន្តថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។
ឯកឧត្តម ឆាន់ សាផាន បានគូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
ក្រោយពីបញ្ចប់ការសំណេះសំណាល ឯកឧត្តមប ឆាន់ សាផាន តំណាងដ៏ខ្ពង់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើដល់ ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារគណបក្ស ជាសមាជិកសមាជិការគណបក្សប្រជាជន និង បងប្អូនប្រជាពលរដ្ឋនាំគ្នាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី (១៨) នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣ (មានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍន៍)៕