ខេត្តកំពង់ស្ពឺ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសាភា នៅតាមការិយាល័យបោះឆ្នោតនានា គេបានសង្កេតឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនបានចេញទៅបោះឆ្នោតជាន្តបន្ទាប់ ប្រកបទៅដោយទឹកមុខរីករាយ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលពួកគាត់ស្រលាញ់ ដែលពួកគាត់រំពឹងជឿជាក់ថា នឹងអាចផ្តល់នូវការដឹកនាំប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត។
ជាងនេះទៀតផ្តល់នូវសុខសន្តិភាពពេញលេញដែលជាឱកាសឱ្យពួកគាត់អាចរកស៊ីទទួលទានមានបាន និងមានសេចក្តីសុខជួបជុំគ្រួសារសុខដុមរម្យនា។
មួយវិញទៀត ដេីម្បីជ្រេីសរេីសមេដឹកនាំដែលមានសមត្ថភាព មានលទ្ធភាពពេញលេញ និងជឿជាក់បាន បន្តវេនក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជួយដោះស្រាយជូនប្រជាពលរដ្ឋដែលជួបបញ្ហាជាដើម។
ទន្ទឹមនេះដែរ ពួកគាត់បានបង្ហាញនូវទឹកមុខញញឹមសប្បាយរីករាយ និងពេញចិត្ដក្នុងការបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សនយោបាយដែលពួកគាត់ស្រលាញ់។ សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺមាន ១២៧៨មណ្ឌល និងមានការិយាល័យបោះឆ្នោតចំនួន ១៥៣២ការិយាល័យ មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន ៥៩៩២៤៥នាក់។ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានចាត់តាំងកម្លាំងសរុបចំនួន ៤.៥២៣នាក់ ត្រៀមប្រចាំការនៅថ្នាក់ខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ.សង្កាត់ ព្រមទាំងចូលគោលដៅការិយាល័យបោះឆ្នោត ក្នុងនោះកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងកម្លាំងអាវុធហត្ថខេត្ត ត្រូវបានត្រៀមបម្រុដើម្បីជួយអន្តរាគមន៍ ផងដែរ៕