ខេត្តកំពង់ស្ពឺ៖ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្ដុះបណ្ដាលបំប៉នស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុផាអគ្គនាយកសូរិយោដីនិងភូមិសាស្ត្រនិងជានាយកកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់។
ឯកឧត្តមសម្ដែងនៅសេចក្តីរីករាយក្រៃលែងដោយបានចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបំប៉នដល់មន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាថ្ងៃនេះ ជូនដល់លោកអនុប្រធានមន្ទីរទទួលបន្ទុក ប្រធាន អនុប្រធានក្រុមវាល មន្ត្រីក្រុមចុះបញ្ជី មន្ត្រីកិច្ចសន្យា និងអ្នកស្ម័គ្រចិត្តរបស់ក្រុមចុះបញ្ជីដីធ្លីដែលអញ្ជើញមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលទាំង ៩ ក្រុងស្រុក ដែលគ្រោងអ្នកចូលរួមសរុប៧៥នាក់។ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី ១០ ក្នុងចំណោម ២៥ រាជធានីខេត្ត ដែលអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រគ្រោងរៀបចំវគ្គបំប៉នសម្រាប់ឆ្នាំ ២០២៣។ថ្លែងក្នុងឱកាសនោះឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់លោកអគ្គនាយករង លោកប្រធាន លោកលោកស្រីអនុប្រធាននាយកដ្ឋាន និងជាគ្រូឧទ្ទេសដែលចំណុះអគ្គនាយកដ្ឋានសុរិយោដី និងគ្រួសារដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីក្នុងការផ្ដល់ចំណេះដឹងថ្មីៗពាក់ព័ន្ធការងារចុះបញ្ជីដីធ្លីទាំងការងារបច្ចេកទេសនិងបទដ្ឋានកិត្តិយុទ្ធដើម្បីធ្វើឲ្យមន្ត្រីយើងមានការទទួលខុសត្រូវខ្ពស់និងធានាបានទាំងបរិមាណនិងគុណភាពក្នុងការចុះបញ្ជីដីធ្លីទូទាំងប្រទេស។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ចំពោះសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ពីព្រោះការងារនេះដើរតួនាទីសំខាន់ក្នុងការពង្រឹងមន្ត្រីទទួលខុសត្រូវខ្ពស់ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សតាមគោលការណ៍និងនីតិវិធីដែលមានចែងជាធរមាន យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៧ខែធ្នូ ឆ្នាំ ២០២២កន្លងមកបានដាក់ទិសដៅបន្តអនុវត្តផែនការចុះបញ្ជីរួមទាំងការចុះបញ្ជីដីរដ្ឋដី សាធារណៈរបស់រដ្ឋ ដីសាម្បទានសេដ្ឋកិច្ច ដីរដ្ឋជុំវិញបឹងទន្លេស្អាត និងដីសហគមន៍ជនជាតិដើមភាគតិចដើម្បីធានានៅសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលជាទុនផ្ដល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំដុះ និងវិនិយោគបង្កើតមុខរបរាមប្រាក់ចំនូល ជាមួយនឹងការសម្រេចបានរហូតដល់បច្ចុប្បន្នចំនួន៩៨.៩ % នៃក្បាលដីប៉ាន់ស្មានដំបូង ៧ លានក្បាលដីត្រូវរួសរាន់បញ្ចប់ការចុះបញ្ជីក្បាលដីដែលនៅសល់ ជំរុញការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការអព្យាក្រឹត្យ មិនលំអៀងលើភាគីវិវាទណាមួយដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម និងបង្ករភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅតាមមូលដ្ឋាន បន្តពង្រឹង កែលម្អការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដោយជំរុញអនុវត្តបានតាមទិសស្លោក” ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព ” ក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរនិងសំណូមពរនិងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន។ហេតុនេះសូមក្រុមចុះបញ្ជីត្រូវចុះបញ្ជីក្បាលដីឲ្យបានសម្រេចតាមផែនការនិងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរស្របតាមអនុសាសន៍ខាងលើ។នៅក្នុងវគ្គបំប៉ននេះនឹងផ្ដោតទៅលើប្រធានបទ
* ក្រមសីលធម៌វិជ្ជាជីវៈនិងការរៀបចំផែនការការងារ
* ការផ្សព្វផ្សាយជាសាធារណៈនិងការចូលរួមបែបសហគមន៍និងការរៀបចំដែនដី
* ការកំណត់ព្រំនិងការវាស់វែង
* ការងារវិនិច្ឆ័យ
* ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ( GIS ) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ( Database )។
ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានផ្ដាំផ្ញើដល់សិក្ខាតាមទាំងអស់ត្រូវចូលរួមឲ្យបានសកម្មនិងទៀងទាត់ពេលវេលាហើយយកចិត្តទុកដាក់ក្នុងការរៀនសូត្រយកបទពិសោធន៍ថ្មីៗ គំនិតថ្មីៗ ល្អៗពីសិក្ខាសាលានេះ ប្រែក្លាយទ្រឹស្ដីឲ្យទៅជាការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាកម្មទាន់ពេលវេលានិងឆាប់រហ័សជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់កាត់បន្ថយភាពក្រីក្រស្ថេរភាពសង្គមនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានប្រសើរឡើង។