មណ្ឌលគីរី ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ដូច្នេះហើយទើបឈ្មួញឈ្មោះ រិទ្ធ និងបក្សពួក នៅតែធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជូនចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោងឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅស្រុកយួន តាមច្រកទ្វេភាគីព្រំដែនណាំលៀ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមាចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីព្រំដែនណាំលៀ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលជិត ១សប្ដាហ៍កន្លងទៅនេះឈ្មួញជាច្រើននាក់បានសម្រុកដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ1 ពីចំណុចស្រែប៊ូម ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា ចេញទៅស្រុកយួន តាមច្រកណាំលៀ យ៉ាងគំហុក។
សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។
ក្នុងនោះលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនណាំលៀ កំពុងរងការរិះគន់ថា សម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងត្រជាក់ចិត្ត។
ប្រភពពីមន្ត្រីនៅច្រកណាំលៀ បានឲ្យដឹងទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគឃ្លើននៅពេលនេះគឺឈ្មួញឈ្មោះ រិទ្ធ និងគូរកនរបស់ឈ្មួញ ដែលសុទ្ធតែជាឈ្មួញមានខ្នងបង្អែករឹងមាំ។
ទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនណាំលៀទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីយួន តាមអំពើចិត្តបានដែរ។
ប្រជាសហគមន៍ក៍ដូចជាប្រជាពលរដ្ឋ ក្នុងភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញ៉ែក អំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃមេឈ្មួញឈ្មោះ រិទ្ធ និងបក្សពួកឈ្មួញជាក់ជាពុំខាន់៕