ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងនិងលោកស្រី ដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងសហការីចូលកាន់បិណ្ឌទី២ នៅវត្តទ្រីសទ្ឋារាម ហៅវត្តសង្កែពីរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីប្រមូលបច្ច័យទុកកសាងសមិទ្ធផលនានា នៅក្នុងវត្តសង្កែពីរ។
ក្នុងឱកាសនោះ លោក សំ លាងទ្រី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌនេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវ ពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេសកម្ពុជា។
លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រពិសេស ក្នុងខេត្តព្រះវិហារ ។ លោកបានបន្ថែមថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋនៅឃុំសង្កែពីរ កាលពីដើមមានវត្តចាស់ មានតែសាលាឆាន់ធ្វើអំពីឈើ១ខ្នង ចាស់ទ្រុឌទ្រោមពិបាកក្នុងការធ្វើបុណ្យទាន គួបផ្សំនឹងការសំណូមពររបស់ប្រជាពលរដ្ឋផងនោះ លោក សំ លាងទ្រី សម្រេចយកទីតាំងកន្លែងវត្តបច្ចុប្បន្ននេះ កសាងបានព្រះវិហារមួយខ្នងហើយ ។
គួរម្លឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្តតែងតែធ្វើចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណៈកម្មការវត្ត ឬភូមិបានមូលមតិគ្នាបែងចែកជាវេន ដើម្បីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕