នៅក្នុងជំនួបទ្វេភាគីជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Mohammed bin Salman bin Abdulaziz Al Saud) រាជទាយាទ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត តាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា និងសំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រាជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលសម្តេចធិបតី ចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបនេះ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” ជាលើកដំបូងនេះ និងបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដូចដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជាជាដើម។
ឆ្លងតាមកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត ដែលជាផលប្រយោជន៍រួម៕