ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញអំពីគោលការ៍ណ៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបានលើការបណ្តុះបណ្តាល។ សម្តេចធិបតីបានក្រើនរំលឹកថា៖
ទី១. ខ្លឹមសារនៃការបណ្តុះបណ្តាលឱ្យចំតម្រូវការមូលដ្ឋាន
ទី២. ទ្រឹស្តីត្រូវបូកជាមួយនឹងការអនុវត្ត ដោយយកការអនុវត្តឱ្យច្រើន
ទី៣. ជំរុញសិក្ខាកាមឱ្យទទួលបានការហាត់ការឱ្យបានច្រើន
ទី៤. ជួយផ្តល់នូវការលើកទឹកចិត្ត និងការបង្កលក្ខណៈផ្សេងៗ
ទី៥. រៀបចំវគ្គបណ្តុះបណ្តាលដែលមានភាពបត់បែន និងសមស្របទៅនឹងពេលវេលាធ្វើការស្នូលរបស់សិក្ខាកាម និង
ទី៦. ត្រូវជំរុញការអនុវត្តការបណ្តុះបណ្តាលកូនជាងឱ្យសមស្របទៅតាមវិជ្ជាជីវៈ។
គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងធ្វើការផ្តោតជាសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាភាពមានការងារធ្វើ និងការលើកស្ទួយជីវភាពគ្រួសារ។ នេះជាការក្រើនរំលឹករបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា៕