ផ្សាយចេញនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣.
ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់នៅ ក្នុងខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺ នៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង១១មណ្ឌល ក្នុងខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖
១- ផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
២- ផ្លាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
៣- ដោយឡែកទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្ក សម្លេង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់
ដោយសេចក្ដីអនុគ្រោះ ក្រោយបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្ម ជា ធម្មតាឡើងវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត
បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុកទាំង៩ មន្ទីរជំនាញ និងបងប្អូន អាជីវករពាក់ព័ន្ធត្រូវ ផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕