ខេត្តកំពង់ស្ពឺ៖ ឪពុក ម្តាយក្មេងប្រុសជនរងគ្រោះ ដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទាំងយប់ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ក៏បានជួបលោកគ្រូពេទ្យចំនួននាក់អាយុប្រហែល៤០ឆ្នាំ។ ពេលទៅដល់ភ្លាមលោកគ្រូពេទ្យនិយាយថា មន្ទីរពេទ្យមិនមានសម្ភារៈសម្រាប់សង្គ្រោះព្យាបាលនោះទេ យកទៅមន្ទីរពេទ្យភ្នំពេញទៅ។
លោក ហុង សុខុម អាយុ៤៨ឆ្នាំ មុខរបររកសុី ស្នាក់ក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានស្រុកកំណើត នៅភូមិក្រាំងចំបក់ ឃុំពានរោង ក្រុងព្រៃវែង ខេត្តព្រៃវែង បានរៀបរាប់ឱ្យអ្នកសារព័ត៌មានដឹងថា កូនប្រុសរបស់គាត់ មានឈ្មោះ ជឹម ផាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅជាមួយគាត់ក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទ ស្រុកឱរ៉ាល់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1S.5977 ជិះម្នាក់ឯងតាមបណ្តោយផ្លូវលំពីទិសខាងកើតទៅទិសខាងលិច កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លុះទៅដល់ខាងលិចរង្វង់មូលផ្សារកន្តួត បានបុកសត្វឆ្កែដែលរត់ឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
លោក ហុង សុខុម ជាឪពុកបានបន្តទៀតថា ភ្លាមៗនោះគាត់បានយកកូនប្រុសទៅលាងរបួសនៅកន្លែងឱសថស្ថានម្តុំកន្លែងកើតហេតុ រួចហើយក៏ដឹកបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្រាប់តែទៅដល់ក៏បានជួបលោកគ្រូពេទ្យចំនួនពីរនាក់ដែលនៅប្រចាំការ លោកនិងសាច់ញាតិ បានយកកូនប្រុសចូល ស្រាប់តែលោកគ្រូពេទ្យនិយាយថា មន្ទីរពេទ្យគ្មានសម្ភារៈសង្គ្រោះព្យាបាលកូនរបស់គាត់នោះទេ បញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញទៅ។ ក្នុងនាមលោកជាឪពុក ពេលលឺដូចនោះហើយបារម្ភពីសុវត្ថិភាព និងអាក្ការៈជំងឺកូនធ្ងន់ធ្ងរថែមទៀតផងនោះ ក៏បានលើកកូនដាក់ក្នុងរថយន្តហើយបន្តដំណើរលើផ្លូវល្បឿនលឿន ហើយបានប្រាប់គេថាខ្ញុំប្រញាប់យកអ្នកជំងឺទៅសង្គ្រោះនៅមន្ទីរពេទ្យនៅភ្នំពេញ បើទៅពេទ្យមានសំបុត្របញ្ជាក់មកបង្ហាញមក ខាងផ្លូវល្បឿនលឿន មិនយកលុយនោះទេ។ ពេលនោះលោក ហុង សុខុម បានតបទៅវិញថា អត់មានសំបុត្រពីលោកគ្រូពេទ្យបញ្ជាក់ឡើយ ដោយពេទ្យមិនទទួលមើលកូនខ្ញុំនោះទេ យកលុយតម្លៃពេញចុះ។
លោក ហុង សុខុម បានបញ្ជាក់បន្ថែមថា ពេលដឹកយកទៅដល់មន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) ក្រុមគ្រូពេទ្យបានសួរនាំ ហេតុអ្វីចំាបាច់បញ្ជូនមកពេទ្យភ្នំពេញ មិនចូលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺឱ្យគេព្យាបាល លោកឆ្លើយតបថា ពេទ្យគេមិនទទួលមើលទេ ដោយមិនមានសម្ភារៈគ្រប់គ្រាន់។
ជាចុងក្រោយលោក ហុង សុខុម ជាឪពុក ក្មេងប្រុសរងគ្រោះ និងជាប្រជាពលរដ្ឋ ម្នាក់បានធ្វើការសំណូមពរដល់អស់លោកក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មេត្តាជួយយកចិត្តទុកដាក់ព្យាបាលប្រជាពលរដ្ឋ ដែលកំពុងតែជួបគ្រោះថ្នាក់ផង ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋផង បើទោះបីអស់លុយតិចច្រើនក្តី ប្រជាពលរដ្ឋ សុខចិត្តរកលុយជូន កុំទុកអ្នកជំងឺចោលអី។ ប្រជាពលរដ្ឋជឿជាក់ថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមួយទាំងមូល ច្បាស់ជាមានសម្ភារៈគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺ និងសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺបាន ដោយសារតែថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ជួយមន្ទីរពេទ្យបង្អែកខេត្តរហូតហើយ។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ខាងលើចោទនិងរិះគន់លោកគ្រូពេទ្យពីរនាក់ មិនជួយព្យាបាលពលរដ្ឋរងគ្រោះនោះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា លោកមិនទាន់ទទួល បានព័ត៌មាននោះទេ ហើយលោកក៏មិនទាន់អាចនិយាយបកស្រាយបានដែរ។
ដោយឡែកលោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងតាមទូរស័ព្ទថា លោកមិនជឿថា មន្ត្រីហ៊ានធ្វើចឹង ដូចការលើកឡើងរបស់ប្រជាពលរដ្ឋ នោះទេ ពីព្រោះថា នៅក្នុងមន្ទីរពេទ្យមានអ្នកគ្រប់គ្រងត្រឹមត្រូវ។ ហើយប្រសិនបើលោករកឃើញមានរឿងចឹងមែន លោក និងដាក់ពិន័យឱ្យរាងចាលម្តង៕