កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងសមាគមប្រឹក្សាសុខភាពប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិននិងក្រុមការងារសង្គ្រោះបន្ទាន់ ៧១១ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ ដើម្បីបង្ការ ការពារទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ខេត្ត ក៏បានអំពាវនាវដល់ដល់ប្រជាពលរដ្ឋទូទៅ កុំមានការភ្ញាក់ផ្អើល ក្នុងយុទ្ធនាការនេះ ព្រោះការបាញ់ថ្នាំសម្លាប់មេរោគនេះដែរ គឺដើម្បីសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗ ជាពិសេស ដើម្បីបង្ការ ការពារទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) តែប៉ុណ្ណោះ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានបន្តទៀតថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា គោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយកាត់បន្ថយការជួបជុំពិធីសាសនា ឬពិធីដែលមានមនុស្សកុះករ និងត្រូវអនុវត្តជាប្រចាំនូវវិធានការ រស់នៅស្អាត ហូបស្អាត នឹងត្រូវលាងសម្អាតដៃសាប៊ូ ជែលឬអាកុលឱ្យបានញឹកញាប់ ប្រើម៉ាស ឬក្រមានៅពេលចូលក្នុងតំបន់មានមនុស្សអ៊ូរអរច្រើន ។
សូមបញ្ជាក់ផងដែរថាគិតមកដល់ត្រឹមថ្ងៃនេះខេត្តកំពង់ស្ពឺមិនទាន់មានករណីវិជ្ជមាននូវជំងឺ covid-19 ណាមួយកើតឡើងទេ ៕