ខេត្តកំពង់ស្ពឺ៖ ស្នូរគ្រាប់កាំភ្លើងដូចកន្លែងធ្វើសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ដោយសារតែផ្ទះរបស់អ្នកធំម្នាក់មានកម្មវិធីជប់លៀង ហើយក៏ស្រាប់តែពេលយប់ជ្រៅលឺសម្លេងកាំភ្លើងផ្ទុះតែម្តង មិនទាន់ដឹងមូលហេតុ។
ការលឺសម្លេងផ្ទុះគ្រាប់កាំភ្លើងដូច នៅកន្លែងធ្វើសង្គ្រាមនេះ កាលពីរំលងអាធ្រាត្រ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលោកផ្កាយ២ មួយកន្លែងក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមការបង្ហើបឱ្យដឹងពីប្រជាពលរដ្ឋ ថានៅមុនពេលកើតហេតុគេបានឃើញ ផ្ទះរបស់លោកផ្កាយ២មួយរូបមានអាយុជាង៤០ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីជួបជុំហូបចុក ដែលមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។ ហើយការជួបជុំហូបចុកមិត្តភក្តិបងប្អូន របស់លោកផ្កាយ២ម្ចាស់ផ្ទះ នោះបន្តទៅជាច្រើនម៉ោង អូសបន្លាយរហូតដល់យប់ជ្រៅ គេក៏បានលឺសម្លេងផ្ទុះគ្រាប់កាំភ្លើងជាច្រើនគ្រាប់ហាក់បីដូចជាកន្លែងធ្វើសង្គ្រាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងផ្ទះលោកផ្កាយ២រូបនោះ មានការភ័យខ្លាច ក៏ព្រោះតែអស់លោកអ្នកធំ អ្នកមានលុយមានអំណាច ប្រើកាំភ្លើហងបាញ់បោះសេរី មិនខ្លាចញញើតច្បាប់ទាល់តែសោះ។
ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងទៀតថា ផ្ទះលោកផ្កាយ២ ហើយក៏ជាកន្លែងផ្ទុះអាវុធ ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ដែលលឺសូរដូចកន្លែងធ្វើសង្គ្រាមនោះ មិនមែនជាលើកទី១នោះទេ។ កន្លងមកនៅទីតាំងខាងលើនោះ ក៏ធ្លាប់មានការបាញ់បោះសេរីជាច្រើនលើកច្រើនសារមកហើយដែរ ពីព្រោះថាជារៀងរាល់ចុងសប្តាហ៍ លោកផ្កាយ២ តែងតែបង្កើតកម្មវិធីជួបជុំហូបចុក ខួបកំណើត ជប់លៀងផ្សេងៗ ហើយបានដុតកាំជ្រួចបង្កឱ្យមានសម្លេងលឺៗ ហើយក៏មានអ្នកបាញ់កាំភ្លើងលាយឡំជាមួយកាំជ្រួចនោះផងដែរ។ ហើយបើទោះបីជាប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាព ប៉ុន្តែមិនមានលទ្ធផលទាល់តែសោះ ហាក់ដូចជាខ្លាច ញញើតអំណាចលោកផ្កាយ២ និងបក្ខពួករបស់គេនោះ។ សង្ឃឹមថាលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាពិសេសឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវ ករណីផ្ទះលោកផ្កាយ២នៅលើភ្នំគិរីរម្យមានការបាញ់បោះសេរីផងទាន បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាបក្ខពួក មិត្តភក្តិរបស់លោកផ្កាយ២បង្កភាពអាណាធិបតេយ្យជាក់ជាមិនខានឡើយ។
ពាក់ព័ន្ធករណីបាញ់បោះសេរីនៅលើភ្នំគិរីរម្យខាងលើនេះ នគរបាលមូលដ្ឋានបានឱ្យដឹងថា ពិតជាមានករណីបាញ់កាំភ្លើងពិតមែន ហើយបាញ់ជាច្រើនគ្រាប់ សុទ្ធតែអស់លោកអ្នកធំៗ មកលេងកំសាន្តនៅលើភ្នំគិរីរម្យនោះ ហើយនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រត់ទៅភ្នំពេញអស់ហើយ កំពុងតែធ្វើការស្រាវជ្រាវសួរនាំ។
ដោយឡែកលោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងតាមទូរស័ព្ទថា លោកបានទទួលព័ត៌មានហើយ កម្លាំងរបស់លោកកំពុងតែចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ចំណែកលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលចូល ប៉ុន្តែលោកមិនលើកទូរស័ព្ទនោះទេ។ សង្ឃឹមថាលោកទាំងពីរនឹងធ្វើការស្រាវជ្រាវរឿងករណីបាញ់បោះសេរីនៅលើភ្នំគិរីរម្យ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕