ភ្នំពេញ ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣.ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានទូកចំនួន ៣៣៨ទូក និងប្រទីប ៣០ នឹងចូលរួមប្រណាំង និងបណ្តែត នៅតាមដងទន្លេសាប ស្ថិតនៅមុខព្រះបរមរាជវាំង។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្ដេចឧបត្ថម្ភ២០ទូក ចំណែកឯ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ២០ទូក។
បើយោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី ២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ សូមជម្រាបផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក, ទូកចែវបុរស៤២ទូក, ទូកចែវនារី១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២ ០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
ទន្ទឹមនេះ សម្រាប់ប្រទីបមានចំនួន ៣០ ក្នុងនោះ មកពីក្រសួង និង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕