ព្រះវិហារ: ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធា នឹងលោកស្រីចៅក្រមស៊េីបសួរលោកស្រី សម្ផស្ស មុតីតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនស្រ្តីមេតុងទីនម្នាក់ ឈ្មោះ សេង ចាន់សំណាង ជាមេតុងទីនដែលបានបោកលុយកូនតុងទីនជាច្រើនអ្នកជាង៣០០លានរៀលពីកូនតុងទីននៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកស្រីចៅក្រមបានសម្រេចឃុំខ្លួនស្រ្តីឈ្មោះសេង ចាន់សំណាង អាយុ ៣០ឆ្នាំ រស់នៅភូមិស្ថាពរ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនតាមដីកាបញ្ជារឲ្យចូលខ្លួនរបស់លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាម ការLive តាមគណនេយ្យហ្វេសប៊ុក ឈ្មោះ អាលាង ប៉ាក់ចិញ្ចេីម បានឲ្យដឹងថា មានកូនតុងទីនជាច្រើននាក់បានដាក់ពាក្យបណ្តឹងទៅតុលាការ ខេត្តព្រះវិហារកាលពីថ្ងៃទី១០ វិច្ឆិកាឆ្នាំ២០២៣ ពីបទ ឆបោកប្រាក់ ប្រមាណជាង៣១៣ លានរៀល ដោយម្នាក់ៗចាញ់បោកអស់ប្រាក់ប្រមាណពីជាង៣០លានរៀល ទៅជាង៤០លានរៀល។
ដោយសារតែមេតុងទីនប្រើល្បិចបោកប្រាស់
បេីយោងតាម គណនេយ្យហ្វេសប៊ុកឈ្មោះអាលាង ប៉ាក់ចិញ្ចេីម បានឲ្យដឹងទៀតថា មិនមែនមានតែកូនតុងទីនប៉ុណ្ណឹងនោះទេ នៅមានជាច្រើននាក់ទៀតដែលបានចាញ់បោកស្រ្តីមេតុងទីនរូបនេះ។
ស្រ្តីម្ចាស់ហាងសាឡនរូបនោះបានអោយដឹងទៀតថា មុនឈានដល់ការដាក់ពាក្យបណ្តឹងទៅតុលាការនេះ កូនតុងទីនបានព្យាយាមដោះស្រាយសម្របសម្រួលជាមួយមេតុងទីនខាងលើជាច្រេីនលេីក ច្រើនសារមកហើយ ប៉ុន្តែ ស្រ្តីឈ្មោះសេង ចាន់សំណាងដែលជាមេគងទីន ប្រេីល្បិចគេចវេសគ្រប់បែបយ៉ាង មិនមានការសម្រស់សម្រួលនិងដោះស្រាយជាមួយកូនតុងទីនម្នាក់ណាឡើយមូលហេតុនេះហើយដែលធ្វើឲ្យកូនតុងទីនជាច្រើននាក់មិនពេញចិត្តនិងទង្វើរបស់មេតុងទីនខាងលើក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីរកដំណោះស្រាយជូនពួកគាត់ជាជនរងគ្រោះ។
ជាចុងក្រោយប្រជាពលរដ្ឋក៏ដូចជាកូនតុងទីនមួយចំនួនមានការកោតសរសើរទៅដល់តុលាការខេត្តព្រះវិហារជាពិសេសព្រះរាជអាជ្ញារង លោក ស្រេង វុទ្ធា និងលោកស្រីចៅក្រមសម្ផស្ស មុតីតា ដែលបានយកចិត្តទុកដាក់និងរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋក៏ដូចជាកូនតុងទីន ជាច្រើននាក់ផងដែរ។
ច្បាប់នៅតែជាច្បាប់ ជនណា ធ្វើខុសត្រូវតែទទួលទោសតាមច្បាប់។