រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប មុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចំនួន ០៦នាក់ ជាបន្ដបន្ទាប់ នៅខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា ការបង្ក្រាបនេះ ធ្វើឡើងនាយប់ថ្ងៃទី២៩ ខែឧសភា នៅចំណុចផ្ទះលេខ៣៩២ ផ្លូវលេខ៣៦៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលពួកគេធ្លាប់ធ្វើសកម្មភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា និងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាអ្នកដឹកនាំប្រតិបត្តិការ។
ជនសង្ស័យទាំង ០៦នាក់ ដែលត្រូវកម្លាំងជំនាញរួមដៃគ្នាបង្ក្រាបបាននេះ មាន ៖ ទី១.ឈ្មោះ ភាង ភ័ណ្ឌ អាយុ៤៦ឆ្នាំ, ទី២.ឈ្មោះ ហុក ណារិន អាយុ២៩ឆ្នាំ, ទី៣.ឈ្មោះ ហ៊ាន ព្រឹមព្រៃ អាយុ១៨ឆ្នាំ, ទី៤.ឈ្មោះ ហ៊ុយ សុខា អាយុ៦៣ឆ្នាំ, ទី៥.ឈ្មោះ ជា រ៉ាន់ អាយុ៤៥ឆ្នាំ និងទី៦.ឈ្មោះ ទឹក សាអ៊ុ អាយុ៥២ឆ្នាំ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច ដកហូតបាន អាវុធខ្លី ម៉ាក K59 ចំនួន ០២ដើម, ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទចំនួន ០៥គ្រឿង និងម្សៅក្រាមពណ៌ស ចំនួន ០៥កញ្ចប់ធំ។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារៈខាងលើ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕