ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជា នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ ឱ្យកម្លាំងចុះឆែករកអត្តសញ្ញាណម្ចាស់រថយន្តទំនើបម៉ាក Rolls-Royce ដែលបានពាក់ស្លាកលេខនគរបាល ២-៧៧១៥ បង្កការរិះគន់លើបណ្តាញសង្គម ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា លោក បានឱ្យគេឆែកមើល ថា លេខឡានរបស់អ្នកណា។
លោកថា ជាធម្មតា ស្លាកលេខនគរបាលអត់ឱ្យទៅឡានឯកជនអញ្ចឹងទេ ដូចនេះ បើសិនណាជាឡាន មិនត្រឹមត្រូវ លោកនឹងដកស្លាកលេខនោះភ្លាម ។
នាយឧត្តមសេនីយ៍ អះអាងទៀតថា កន្លងមក ស្លាកនគរបាល ផ្តល់ឱ្យរថយន្តអង្គភាពទេ មិនអាចយកស្លាកលេខនគរបាល ទៅដាក់ឡានប្រណីតអញ្ចឹងទេ ។
សូមបញ្ជាក់ថា រូបភាពរថយន្តសេរីទំនើប ថ្លៃកប់ពពក ម៉ាក Rolls-Royce ពាក់ស្លាកលេខនគរបាល មួយគ្រឿង ត្រូវបានគេចែកចាយលើបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បង្កការរិះគន់យ៉ាងខ្លាំង ជាពិសេស សូម្បីតែលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមិថុនានេះ ក៏បានបញ្ចេញប្រតិកម្មរិះគន់អ្នកដែលជិះរថយន្តតម្លៃថ្លៃកប់ពពក បែរជាទៅពាក់ស្លាកលេខរបស់រដ្ឋទៅវិញ៕