ខេត្តកែប៖ លោក ខេង យ័ន អភិបាល នៃគណៈអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបមួយរូបទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១១និង ៣០នាទីព្រឹក ថ្ងៃទី០២ ខែមករាឆ្នាំ ២០២៤នេះ។ តែការឃាត់ខ្លួនមន្រ្តីទាំង២នេះ មិនដឹងមូលហេតុ និងផ្តើមចេញពីរឿងអ្វីនោះឡើយ។
តាមប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែបបានបញ្ចប់កិច្ចប្រជុំមួយ។
ជុំវិញព័ត៌មាននេះ លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប អង្គភាពសារព័ត៌មានយើង មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ដោយឡែក លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ACU ក៏មិនទាន់អាចសុំការបញ្ជាក់បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
អង្គភាពយើង នឹងផ្សាយលម្អិតជូន បន្តបន្ទាប់ ប្រសិនបើមានការពន្យល់បកស្រាយ ពី សាម៉ីភាគី ពាក់ព័ន្ធទាំងអស់៕