នេះជាការប្តេជ្ញាចិត្តរបស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសនៃពិធីប្រកាសប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នាសាលមហោស្រពខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ។
ចំណុចសំខាន់ទាំង៨ នៃការប្តេជ្ញាចិត្តរបស់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ រួមមាន:
១-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
២.យកអស់កម្លាំងកាយ បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាងអនុវត្តយ៉ាងសកម្ម មោះមុតរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយគណបក្ស និងយុទ្ធសាស្ត្ររបស់រាជររដ្ឋាភិបាលកម្ពុជា ឱ្យបានជោគជ័យ និងយកចិត្តទុកដាក់ពង្រឹងឱ្យមានប្រសិទ្ធភាពខ្ពស់ រចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្ត និងយន្តការគណបក្សខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងសាខាបក្សភូមិ ក្រុមបក្ស ធានាបានទាំងបរិមាណ និងគុណភាពដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្ស និងទទួលបានការគាំទ្រ ជឿទុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកលើគណបក្សប្រជាជនកម្ពុជា។
៣-ចូលរួមពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាស្នូល ដ៏រឹងមាំរបស់គណបក្ស តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» និងប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់និង ប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ណែនាំតម្រង់ទិស តាមដានវាយតម្លៃ និងពង្រឹងជាប់ជាប្រចាំនូវរបៀបរបបការងារ របបប្រជុំ ត្រួតពិនិត្យ និងរបបរបាយការណ៍, បន្តចិញ្ចឹមចលនាគណបក្សនៅមូលដ្ឋានដើម្បីផ្សាភ្ជាប់ជាមួយប្រជាជន និងមហាជន ស្វែងយល់តម្រូវការចាំបាច់ និងខិតខំប្រឹងប្រែងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យទទួលបានលទ្ធផលល្អប្រសើរ។
៤-ធ្វើឱ្យអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជាមួយ គណបក្ស និងត្រូវយកប្រជាជនធ្វើជាគោលដៅក្នុងការបម្រើរបស់ខ្លួន។
៥-ចូលរួមចំណែក ក្នុងការបន្តកសាង ពង្រឹងអង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ឱ្យបាន រឹងមាំទាំងទស្សនៈ គោលជំហរ នយោបាយ សតិអារម្មណ៍និងអនុវត្តឱ្យបានល្អនូវគោលការណ៍ «សមាជិកបក្សម្នាក់ ជាសំឡេងឆ្នោតគាំទ្រមួយសំឡេងសម្រាប់គណបក្ស ដើម្បីនាំមកនូវជោគជ័យដ៏ត្រចះ ត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា និងធានានិរន្តរភាពនៃជ័យជម្នះរបស់បក្សនៅគ្រប់ការបោះឆ្នោត។
៦-ចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
៧-ចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមិនអនុញ្ញាតឱ្យក្រុមជនអគតិណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងឯកភាពជាតិកម្ពុជាបានឡើយ។
៨-ការពារពារឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារ រាជបល្ល័ង្គ និងការពារ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់ ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់និងសុខក្សេមក្សាន្តសម្រាប់ប្រទេសជាតិនិងប្រជាជនកម្ពុជា ៕