កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅទីធ្លាសាធារណៈមុខវត្តយាយទេពមានប្រារពពិធីក្រុងពិលីបើកការដ្ឋានសាងសង់ទីទួលសុវត្ថិភាពជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំងដែលពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងមានការអញ្ជើចូលរួមពីលោកយិនសាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកប្រធានមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរសង្កាត់ផ្សារឆ្នាំងចូលរួមផងដែរ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈគម្រោងសាងសង់ទីទួលសុវត្ថិភាពនេះក្នុងគោលបំណងសំខាន់ គឺសម្រាប់សង្គ្រោះជីវិតមនុស្សនិងសត្វ នៅពេលដែលមានគ្រោះមហន្តរាយដូចជាទឹកជំនន់និងគ្រោះធម្មជាតិជាយថាហេតុផ្សេងៗទៀត។ជាពិសេសមានការរៀបចំនូវសោភ័ណភាពមួយចំនួនទៀតនៅលើទីទួលនេះ ដើម្បីអោយក្លាយទៅជាតំបន់ទេសចរណ៍មួយយ៉ាងល្អប្រសើរនាពេលអនាគត។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់អោយដឹងថាៈទីទួលសុវត្ថិភាពយាយទេពនេះមានទីតាំងមុខវត្តយាយទេពស្ថិតក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង លើផ្ទៃដី ៣ហិកតាត្រូវចាក់ដីបំពេញដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងចំណាយថវិការាជរដ្ឋាភិបាល ក្នុងគម្រោងថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ៈក្នុងពិធីនោះមានការសូត្រមន្តបន់ស្រន់សុំសេចក្តីសុខក្នុងដំណើរសាងសង់ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៩អង្គនិងប្រលែងសត្វផងដែរ៕