កំពង់ស្ពឺ៖ ការចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋគឺឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧ ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម ពិសេសកាត់បន្ថយទំនាស់។នេះជាការលើកឡើងរបស់លោក ហន ភក្តី អភិបាលនៃគណ:អភិបាលរងខេត្ត ក្នុងឱកាសប្រគល់បណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ២២៤ បណ្ណ័មកពីភូមិប្រិយ៍ និងភូមិព្រៃឈើទាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ពិធីនេះប្រព្រឹត្តនៅសាលាឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ហន ភក្តី បានលើកឡើងដោយគូសបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រសមស្របនានា ដើម្បីអនុវត្តសមត្ថភាពរបស់ប្រជាកសិករនិងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះការកសាងប្រព័ន្ធធារាសាស្ត្រ និងការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ជនបទ សំដៅបង្កើនឱកាសឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋក្នុងការបង្កើនប្រាក់ចំណូលប្រចាំគ្រួសារ។ការផ្តល់កម្មសិទ្ធិដីធ្លីនេះគឺពិតជាបានរួមចំណែកជំរុញនិងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើងថែមទៀត។
លោក ស្រេង សុ ផល អនុប្រធានមន្ទីររៀបចំដែនដី នគររូបមានីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ស្ពឺក៏បានលើកឡើងផងដែរថាការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ដែលកន្លងមកបញ្ហាទាំងអស់នេះតែងតែធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ដូចច្នេះការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងម៉ត់ចត់របស់រាជរដ្ឋាភិបាល ដែល មានសម្តេចបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លីជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ លោកក៍បានផ្តាំផ្ញើដល់ម្ចាស់កម្មសិទ្ធអោយថែរក្សារអោយបានល្អរ កុំអ៊ុតផ្លាសស្ទិក នៅអោយមានការខូចសណ្ឋានដើម ដើម្បីជៀសវៀងការខាតបង់ទៅថ្ងៃក្រោយ ។