ក្រចេះ៖ ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ រួមទាំងក្រុមជនខិលខូច ឈ្មោះ ភួង រ៉ា បានកំពុងដើរតួរយ៉ាងសស្រាកសស្រាំ កៀគរប្រជាពលរដ្ឋ និងបំភ័យប្រជាពលរដ្ឋឱ្យធ្វើការតវ៉ា ខណៈដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលលើដីដែលពួកគាត់រស់នៅតាំងពីឆ្នាំ២០១៣មកម្ល៉េះ។
តាមប្រភពច្បាស់ការណ៍មួយបានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមខិលខូច ដែលបានចូលទៅបោះបង្គោលលើដីដែលមិនបានអាស្រ័យផលជាក់ស្ដែង កំពុងភ័យខ្លួន ប្រឈមមុខច្បាប់ បានប្រើល្បិចជាបំភ័យពលរដ្ឋដែលបានអាស្រ័យផលត្រឹមត្រូវ ធ្វើការតវ៉ា ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយប្រាប់ប្រជាពលរដ្ឋថា និងមានគេមកយកដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួលមានការ ភ័យខ្លាច ព្រោះត្រូវបាត់បង់ដីរបស់ពួកគាត់។ ការ ញុះញង់ បំភ័យពលរដ្ឋនេះ ល្បិចរបស់ជនខិលខូច និងបក្ខពួក ព្រមទាំងរួមដៃជាមួយអ្នកសារព័ត៌មានម្នាក់ ដែលផ្សព្វផ្សាយ និងធ្វើការសួរសំណួរបែបបំភ័យ និងបោកបញ្ឆោតឱ្យពលរដ្ឋធ្វើការតវ៉ា ដែលបង្ករឱ្យមានភាពចលាចលក្នុងភូមិ ដែលការផ្សាយនេះជាព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនោះទេ។
គូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកសារព័ត៌មានម្នាក់ដែលអះអាងថា ខ្លួនជាចាងហ្វាង អង្គភាពសារព័ត៌មានគេហទំព័របណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3) ដែលជាសារព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយ ក្រោមរូបភាពកៀគរប្រជាពលរដ្ឋ យកមកធ្វើជាខែល ក្នុងន័យបិទបាំងការពិត ដោយខ្លួនបានធ្វើសកម្មភាពចុះផ្សាយព័ត៌មានផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌ ជាអ្នកសារព័ត៌មាន ដែលសម្ដែងចេញមានលក្ខណៈ ញុះញង់ប្រជាពលរដ្ឋ ធ្វើការបទសម្ភាសន៍ដោយសំនួរបិទ ពោលគឺ ដើរតួរ ជាអ្នកសារព័ត៌មានផង មន្ដ្រីមានសមត្ថកិច្ចផង អង្គច្បាប់ផង វែកញ៉ែក បញ្ចេញបញ្ចូលសាច់រឿង លើសពីការពិត ដែលផ្ទុយទាំងស្រុងពីវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានបានចែងក្នុងកិច្ចសន្យាលើការប្រកបអាជីវកម្មព័ត៌មាន និងសោតទស្សន៍។
បើតាមតែដឹងថា ប្រជាពលរដ្ឋបានចូលរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំខ្សឹម គឺចាប់តាំងពីឆ្នាំ ២០១៣ ពិតមែន ហើយការរស់នៅនេះទៀតសោត គឺស្ថិតនៅលើដីដែនជម្រកសត្វព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ស្ដីពីការកែប្រែដែនជម្រកសត្វព្រៃកែវសីមា និងនៅឆ្នាំ២០១៥ គឺមានអនុក្រឹត្យ ២៤៥ អនក្រ.បក ស្ដីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។ ម្យ៉ាងវិញទៀតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសលេខ ៦៩៤៦ ប្រក ស្ដីពីការបង្កើតភូមិ នៃខេត្ដក្រចេះ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងនោះក៏មានភូមិត្រពាំងឈូកផងដែរ។
ប្រភពច្បាស់ការណ៍ពី លោកមេភូមិ ពៅ សាវាន បានរៀបរាប់ប្រាប់មន្ដ្រីក្រសួងបរិស្ថានកន្លងមកនោះថា ក្រោយពីចេញអនុក្រឹត្យលេខ ២៤៥ អនប្រ.បក លោក ស ចំរ៉ុង អតីតអភិបាលខេត្ដក្រចេះ បានកំណត់ផ្ដល់ដីជូនប្រជាពលរដ្ឋត្រឹមតែ ៧៥០ ហិកតាប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិត្រពាំងឈូក និងភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ក៏ប៉ុន្ដែក្នុងអំឡុងពេលនោះគឺពុំមានការកំណត់ណាមួយឱ្យបានច្បាស់អំពីការកំណត់ក្បាលដី និងកាត់ឆ្វៀលនោះទេ និងមានប្រជាពលរដ្ឋរស់នៅមានចំនួន ៤៧៣ គ្រួសារ ស្របច្បាប់មានតែ ៣១០ គ្រួសារ ហើយសេសសស់ជាង ១០០ គ្រួសារ គឺពុំទាន់មានលិខិតស្នាក់នៅត្រឹមត្រូវនោះទេ។
បើតាមប្រភពពីពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ថា មកដល់ពេលនេះទំហំដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបោះបង្គោលរបងនោះ មានជាង ២០០០ ហិកតា ទៅហើយក្នុងភូមិត្រពាំងឈូក។
បើដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋ និងមេភូមិ ពៅ សាវាន ស្ថានភាពដីធ្លីក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម គឺមានភាពមិនប្រក្រតីនោះទេ តើនេះជាការបង្កឡើងដោយពួកក្រុមខិលខូច មួយក្ដាប់តូចដែលមានឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មាននោះមែនដែរឬទេ? នេះជាដំណឹងមួយគួរឱ្យព្រួយបារម្ភចំពោះសកម្មភាព បំផ្លាញដីរបស់រដ្ឋ ស្ថិតក្នុងដែនដីជម្រកសត្វព្រៃកែវសីមា។
ទោះជាមានការលើកឡើងយ៉ាងនេះ សូមប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដ កុំមានការភ័យព្រួយ និងឈប់ចាញ់ការបោកបញ្ឆោត ការញ៉ុះញ៉ងរបស់បក្ខពួកលោក ភួង រ៉ា ព្រមទាំងអ្នកសារព័ត៌មានម្នាក់ ដែលចុះផ្សាយមិនពិត ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន និងសូមរក្សាជំហរ អាស្រ័យផលតាមធម្មតា ព្រោះពុំមាននរណាម្នាក់អាចយកដីរបស់ពលរដ្ឋបានឡើយ។
ករណីនេះប្រជាពលរដ្ឋដែលមានដីពិតប្រាកដស្នើសូមមន្ដ្រីជំនាញពាក់ព័ន្ធ ក៏ដូចថ្នាក់ដឹកនាំខេត្ដ មេត្ដាពិនិត្យ និងវែកមុខជនខិលខូច ដែលតែងតែធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។