ភ្នំពេញ៖ ជនសង្ស័យត្រូវកម្លាំងអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ពោលគឺចាប់រំលោភស្ត្រីមានផ្ទៃពោះ៥ខែ រួចសម្លាប់ប្លន់យកម៉ូតូនិងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ ។
ករណីសម្លាប់ស្ត្រីពោះធំនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពដែលដុតឆេះរោលខ្លោចនៅវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្នុងព្រៃខាងជើងភូមិ ប្រហែលជាង១គ.ម ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ចាប់ខ្លួនបាននៅវេលាម៉ោង១៦និង៣៥នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី អាយុ២៦ឆ្នាំ ជាកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល គឺស្លាប់ដោយសារការរឹត.កនឹងខ្សែអង្រឹង រួចចាក់សាំងដុត ។
តាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា តាមការសារភាពរបស់ជនសង្ស័យថា ខ្លួននិងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា ។ នៅវេលាព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅនាងមករួមរ័ក ។ តាមការសារភាពថា ជនរងគ្រោះបានព្រមព្រៀងមកជួបដោយជិះម៉ូតូមកដោយខ្លួនឯង។
ជនសង្ស័យថាខ្លួនមានគំនិតជាស្រេចថានឹងសម្លាប់នាង ដើម្បីប្លន់យកម៉ូតូ ក្រោយគិតហើយជនសង្ស័យក៏បានចេញដំណើរមកជួបជនរងគ្រោះ ដោយបានឈប់ទិញខ្សែអង្រឹងនៅតាមផ្លូវ រួចហើយមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់មែន។ ពេលជួបគ្នាជនសង្ស័យបានជិះម៉ូតូជនរងគ្រោះម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ផ្លាកលេខ1KI-2858 ឌុបជនរងគ្រោះចូលផ្ទះសំណាក់សួគ៌៌ (នៅភ្នំបាសិត) ប្រហែលមួយម៉ោង ។
ក្រោយពីរួមរ័កជាមួយគ្នារួចហើយ ជនសង្ស័យក៏ឌុបជនរងគ្រោះចេញពីផ្ទះសំណាក់ ជិះទៅរកកន្លែងស្ងាត់ ដើម្បីធ្វើសម្លាប់ ។ លុះពេលមកដល់ព្រៃកន្លែងកើតហេតុ ជនសង្ស័យក៏ឈប់ម៉ូតូ ហើយធ្វើជាអង្គុយនិយាយគ្នាលេង ពេលជនរងគ្រោះកំពុងអង្គុយភ្លេចខ្លួន រូបគេក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពរឹត.កពីក្រោយ ហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រះក៏ដាច់ខ្យល់ស្លាប់ភ្លាមៗ ។ រួចហើយជនសង្ស័យយកខ្សែទាក់.កជនរងគ្រោះអូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសព រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើស.,ពហើយឈួលដែកកេះដុតសពតែម្តង ។ បន្ទាប់មកខ្លួនបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួននិងយកទៅលក់នៅភ្នំពេញ ។
ការសារភាពខាងលើនេះមិនដឹងថា តើជាការបរិហារស្ត្រីដែលខ្លួនសម្លាប់ទៅហើយ ឬបែបណាទេ តែវាពិតជាឃោរឃៅណាស់ ដែលឃាតកររូបនេះសម្លាប់មនុស្ស ដល់ទៅ២នាក់ រួមជាមួយកូនក្នុងផ្ទៃដែលមានអាយុ៥ខែមកហើយ ។ ការឈានទៅចាប់ខ្លួនឃាតករ បានក្នុងរយៈពេល១៦ថ្ងៃក្រោយមកនេះ គឺដោយសារតែការសម្លាប់នេះឯង ព្រោះបានបង្ហាញពីការស្គាល់គ្នាទើបអាចឈានដល់ការសម្លាប់បំបិទមាត់។ តែឈាមស្រែកស្បែកហៅ ជនបាតដៃប្រឡាក់ឈាមគេចមិនរួចពីដេកគុក១ជីវិតនោះឡើយ ៕