ភ្នំពេញ÷ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ស្នើដល់ខេត្តជាប់ព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីពុលពីប្រទេសជិតខាងនេះ គឺជាវិធានការមួយដែលអាចធ្វើឱ្យមានសារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ពិសេសកសិករខ្នាតតូចនៅតំបន់ជនបទដែលកំពុងប្រកបមុខរបរដាំដុះបន្លែ-ផ្លែឈើ និងការចិញ្ចឹមសត្វ
សម្រាប់ចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ ជាមួយការផ្គត់ផ្គងទៅកាន់ទីផ្សារផងដែរ។ ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដែលចុះកាលពីខែឧសភាកន្លងទៅ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ សមាគម សង្ឃឹមថា អាជ្ញាធរគ្រប់ច្រកព្រំដែន មានវិធានការយ៉ាងតឹងរឹង និងសហការជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាផលប្រយោជន៍ប្រជាពលរដ្ឋដូចខាងក្រោម៖
អាចធ្វើឱ្យមានការកាត់បន្ថយសារធាតុគីមី និងសារធាតុជាតិពុលរបស់ប្រជាពលរដ្ឋដែលតែងតែទទួលទានធ្វើឱ្យប៉ះពាល់ដល់សុខភាព កាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋក្នុងការព្យាបាលជំងឺ ដែលបបណ្ដាលមកពីការបរិភោគបន្លែ-ផ្លែឈើដែលមានផ្ទុកសាធារតុគីមីពុល
បង្កើនឱ្យមានការដាំដុះជាលក្ខណៈគ្រួសារ (បង្កើតមុខរបរកសិកម្ម) និងជាលក្ខណ:ផ្គត់ផ្គង់ក្នុងស្រុក ដែលធ្វើឱ្យផលិតផលកសិកម្មរបស់កសិករមានទីផ្សារសម្រាប់លក់ក្នុងតម្លៃសមរម្យ ជួយទប់ស្កាត់លើលំហូរសាច់ប្រាក់ និងជួយសន្សំប្រាក់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាហូរចេញទៅក្រៅប្រទេសលើការទិញបន្លែ ផ្លែឈើ បង្កើនតម្រូវការទីផ្សារនៃផលិតផលមានការកើនឡើង បានបង្កើតឱ្យមានឱកាសការងារ និងការប្រកបមុខបរក្នុងវិស័យកសិកម្មរបស់ប្រជាពលរដ្ឋ ដែលកំពុងរងបញ្ហាដោយសារជំងឺកូវីដ១៩៕