សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះសីសុវត្ថិ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
នៅមណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិនេះ មានការិយាល័យបោះឆ្នោត ចំនួន២ រួមមាន ការិយាល័យលេខ១០០១ និងការិយាល័យលេខ១០០២។ អង្គបោះឆ្នោតដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅមណ្ឌលនេះ សរុបប្រមាណជាង៩០០នាក់។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានធ្វើការប្រកួតប្រជែងដោយសេរី យុត្ដិធម៌ និងតម្លាភាព ស្ថិតក្នុងបរិយាកាសសុខដុមរមនា និងគ្មានអំពើហិង្សា។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោត១ ក្នុងចំណោមការបោះឆ្នោតទាំង៤ នៅកម្ពុជា រួមទាំង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត; ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ; និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ដោយបានបើកទូលាយឱ្យគ្រប់និន្នាការបានចូលរួមប្រកួតប្រជែងស្មើភាព ដោយឈរលើឧត្តមគតិតម្កល់ផលប្រយោជន៍រួមគឺ ជាតិនិងប្រជាជនកម្ពុជា៕