(ព្រៃវែង)៖ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង ក្រោមបញ្ជាពីលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង នឹងដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរងខេត្ត។
ប្រើរយៈពេលជិត២៤ម៉ោង ក្រោយកើតហេតុ ក្នុងការបំបែកសំណុំរឿង (ឃាតកម្មចាក់សម្លាប់ប្លន់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង)ដោយចាប់ខ្លួនជនដៃដល់បាន នៅរាជធានីភ្នំពេញ។
ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅក្នុងមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២១/១៥នាទី ថ្ងៃទី២២,០៦,២០២០។
លោក ពៅ ជីវី ស្នងការងបានឱ្យដឹងថា៖ជនដៃដល់ឈ្មោះ បាន កាន ភេទប្រុសអាយុ ៣០ឆ្នាំទីលំនៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកជនរងគ្រោះឈ្មោះ ភី ឃុនភេទប្រុសអាយុ ៤៩ឆ្នាំនៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
សមត្ថកិច្ចដដែលបានថ្លែងបន្តថា៖ ករណីឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង ២៣/៣៥នាទីយប់ ក្នុងថ្ងៃទី ២១/៦/២០២០កន្លងទៅ។
នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ដោយនៅមុនពេលកើតហេតុ ជនសង្ស័យបានហៅឲ្យជនរងគ្រោះ ដឹកគេទៅកាន់ភូមិចំបក់ជ្រំ ចំណែកជនរងគ្រោះដោយឃើញជនសង្ស័យតែម្នាក់ឯង ។
ហើយគោលដៅក៏នៅក្បែផ្ទះរបស់ខ្លួនដែរ នោះ ទើបព្រមដឹកទៅ តែពេលជិះមកដល់ចំណុចកើតហេតុ ។
ក៏ត្រូវជនសង្ស័យ ប្រើវត្ថុមុតស្រួចចាក់ពីក្រោយជាច្រើនកន្លែង បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិត ។
ហើយជនសង្ស័យក៏យកម៉ូតូឌ្រីមសង់C125មិនចាំស្លាកលេខ ជិៈគេចខ្លួនទៅភ្នំពេញបាត់តែម្ដងទៅ។
ក្រោយធ្វើការពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចខាងលើ រួមនិងវត្ថុតាងម៉ូតូនិងសម្ភារៈមួយចំនួនទៀត៕