(ខេត្តបន្ទាយមានជ័យ)៖ ក្រុមអាជីវករ ដែលរកស៊ីដឹកសត្វជ្រូក, មាន់, ទា ជាលក្ខណៈគ្រួសារ រស់នៅខេត្តបន្ទាយមានជ័យ បានធ្វើការរិះគន់ចំៗបុគ្គលឈ្មោះ ញឹម ប៉ក់ ដាក់កូនចៅ និងកូនចៅជាមន្ត្រីពេទ្យសត្វនៃខេត្តបន្ទាយមានជ័យ បានបើករថយន្ត ប្រដេញប្រមាញ់ តាមចាប់អ្នករកស៊ីដឹក សត្វមាន់, ទា ,ជ្រូក ,សូម្បីតែអ្នករកស៊ីតូចតាចដឹកពងមាន់លក់តាមកញ្ឆេរក៏មិនរួចខ្លួនដែរ ទាមទារលុយកាក់រាប់សែនរៀល។
បើយោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរកស៊ីតូចតាច សុំត្រឹមតែ រកមួយថ្ងៃ រស់បានមួយថ្ងៃប៉ុណ្ណោះ បានអំពាវនាវ តាមរយ:សារព័ត៌មាន ដោយគោរពស្នើសុំយ៉ាងទទូច ដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាពិសេសសូមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ខណៈដែលប្រជាពលរដ្ឋពួកគាត់ដាក់ការសង្ស័យថា មានបទល្មើសប្រព្រឹត្តអំពើពុករលួយ! ពីសំណាក់លោកវរសេនីយ ញឹម ប៉ក នោះ។
លោក ញឹម ប៉ក ជាមន្ត្រីយោធាមានឋាន: វរសេនីយ៍ត្រី អត្តលេខ ១៤៤៥៨៣ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ មានអំណាចប៉ុណ្ណា ទើបហ៊ានធ្វើព្យុះធ្វើភ្លៀងបែបនេះនោះ?
តាមប្រភពព័ត៌មានបានបង្ហើបថា បុគ្គល ញឹម ប៉ក នេះ កំពុងតាំងខ្លួនជាប្រធានក្រុមហ៊ុន និងសមត្ថកិច្ចជំនាញផង ធ្វើព្យុះភ្លៀង នៅខេត្តបន្ទាយមានជ័យជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក្នុងគោលបំណងបិតមិនឲ្យមានការផ្គត់ផ្គង់ការនាំចូលសត្វជ្រូកពីក្រៅស្រុក និងដើម្បីកំណត់ឲ្យអ្នករកស៊ីដឹកសត្វគ្រប់ប្រភេទបង់លុយក្បាលឡានទើបអាចរកស៊ីបានដោយរលូន។
សូមបញ្ជាក់ថា ព័ត៌មាន មិនមែនជាភស្តុតាង តែជាតម្រុយឈានទៅរកភស្តុតាង.? ករណីខាងលើនេះសូមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ខណៈប្រភពបានបញ្ជាក់ថាបច្ចុប្បន្នមានតែក្រុមហ៊ុន ឌឿន សាមិត ឯ.ក តែមួយគត់ ដែលគាត់មានសិទ្ធិ និងអំណាចសុំច្បាប់អនុញ្ញាតនាំសត្វជ្រូករស់ឆ្លងកាត់ទៅប្រទេសវៀតណាមបានដោយរលូន។
ខាងលើនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ.?
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។
អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕