ខេត្តកំពង់ស្ពឺ÷ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ត្រូវបានរងការខូចខាត ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
អាជ្ញាធរមូលដ្ឋានស្រុកគងពិសីបានឱ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃនេះ គឺមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលបានបោកបក់យ៉ាងខ្លាំង មកលើផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិត្រពាំងមាន ភូមិអង្គកន្ទច ភូមិបល្ល័ង្គរាជា ភូមិក្រាំងពន្លៃ នៃឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងរងការខូចខាត់។
ជាមួយហេតុការណ៍ខ្យល់កន្ត្រាក់នេះ អាជ្ញាធរមូលដ្ឋានស្រុកគងពិសី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនេះ ដោយក្នុងនោះអាជ្ញាធរបានលើកឡើងថា ភ្លៀងនឹងចាប់ធ្លាក់រាយប៉ាយនៅគ្រប់ភូមិ ស្រុក ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គរន្ទះ ដែលងាយនឹងបង្កជាហានិភ័យជាយថាហេតុ ពិសេសបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស សត្វ៕